ប្រធានគណបក្សនយោបាយកោតសរសើរពីវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ៖ ប្រធានគណបក្សនយោបាយបានកោតសរសើរពីវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយឧបត្ថម្ភក្នុងការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។ ដោយបានចាត់ទុកថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលត្រូវតែចងចាំមិនអាចបំភ្លេចបាន ដែលសម្តេចតេជោបានយកជីវិតធ្វើដើមទុន ដើម្បីរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានបមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរដែលបានឆ្លងកាត់របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្នុងបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាគុកឥតជញ្ជាំង រស់នៅក្នុងភាពភ័យខ្លាច រស់គ្មានសិទ្ធិសេរីភាព រស់គ្មានអាហារ បែកបាក់គ្រួសារ ដូច្នេះប្រជាជនកម្ពុជាត្រូវចាំទុកថា មានថ្ងៃទី២០ មិថុនា ១៩៧៧ ទើបខ្មែរមានថ្ងៃទី២០ មិថុនា ២០២៤ ប្រជាជនខ្មែរមានជីវិតរហូតមកដល់សព្វថ្ងៃនេះ គឺបានគុណដ៏ខ្ពង់ខ្ពស់បំផុតមិនអាចកាត់ថ្លៃបាន គឺគុណសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ចាកចោលគ្រួសារជាទីស្រឡាញ់ យកជីវិតធ្វើជាដើមទុន តស៊ូរំដោះជាតិ និងប្រតជាជនកម្ពុជាឱ្យបានរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្ននេះ វាមិនងាយស្រួលនោះទេ។ ឯកឧត្តម ហ៊ាង គឹមស្រឿន បានបញ្ជាក់ថា ចំពោះសមិទ្ធផលទាំងអស់នេះ វាកើតចេញពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិកម្ពុជានាំមុខសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។

ចំណែកលោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានមានប្រសាសន៍ថា ទាក់ទងការប្រារព្ធខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤) គឺជាថ្ងៃប្រវត្តិសាស្ត្រដែលត្រូវតែចងចាំមិនអាចបំភ្លេចបាន ពោលគឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តមួយចំនួនបានយកជីវិតទៅធ្វើដើមទុនដោយបានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគេជួយឧបត្ថម្ភក្នុងការរំដោះជាតិកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ចំណែកពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤» និងពិធីបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៊ិច១៦ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកសារពត៌មានជាតិ អន្តរជាតិផងដែរ។

សូមជម្រាបថា ទីតាំងកោះថ្ម ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃដំណើរឆ្ពោះទៅរកការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយឧបត្ថម្ភក្នុងការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។ ប្រវត្តិរបស់សមមិត្ត ហ៊ុន សែន និងសមមិត្តរួមដំណើរផ្សេងៗទៀត មិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅប្រថុយប្រថានជាមួយបរទេស (ស្នើសុំកម្លាំងវៀតណាម) ដើម្បីជួយរំដោះប្រទេសជាតិឱ្យរួចផុតពីរបបដ៏សាហាវរបស់ខ្មែរក្រហម ហើយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។

យោងតាមឯកសារដែលបានចងក្រងដោយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានឱ្យដឹងថា កាលពីជាង៤០ឆ្នាំមុនសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ០៤ រូប ផ្សេងទៀត គឺមានសមមិត្ត នុច ថន, សមមិត្ត ញឹក ហួន, សមមិត្ត សាន សាញ់, និងសមមិត្ត វ៉ា ប៉ោអ៊ាន បានចាប់ផ្ដើមធ្វើដំណើរ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ) ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ឱ្យមកជួយរំដោះប្រទេសជាតិខ្មែរទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ តាមឯកសារបានបញ្ជាក់ឱ្យដឹងទៀតថា សមមិត្ត ហ៊ុន សែន និងសមមិត្តដទៃទៀត បានធ្វើដំណើរជាមួយនឹងកាំភ្លើង៣ដើម គ្រាប់បែក២គ្រាប់ និងកាំបិតខ្វែវមួយដើម ហើយការសម្រេចចិត្តរបស់សមមិត្តទាំងអស់នេះ គឺជាការចាកចេញដោយការឈឺចាប់ តែមានទឹកចិត្តមុះមុតដោយ សម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងនេះ។ «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» បានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕
ដោយ៖ពលជ័យ

ads banner