អាកាសធាតុអាក្រក់វាយប្រហារចិន មនុស្សរាប់សិបនាក់បាត់ខ្លួន
ប៉េកាំង៖ មនុស្សរាប់សិបនាក់បានបាត់ខ្លួននៅក្នុងប្រទេសចិន កាលពីថ្ងៃអង្គារ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ វាយប្រហារតំបន់ភាគខាងត្បូង ខណៈដែលភាគខាងជើងបានជួបប្រទះសីតុណ្ហភាពក្តៅខ្លាំងបំផុតក្នុងឆ្នាំនេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរបានរាយការណ៍ថា មនុស្ស ៤នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់ភ្លាមៗនៅទីក្រុង Changji ក្នុងតំបន់ភាគពាយ័ព្យនៃខេត្ត Xinjiang ជាកន្លែងដែលភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានការរអិលបាក់ដី។
រីឯទូរទស្សន៍រដ្ឋ CCTV បានចេញផ្សាយថា ការរអិលបាក់ដីនៅតំបន់ Meizhou ក្នុងខេត្ត Guangdong ភាគខាងត្បូងកាលពីថ្ងៃចន្ទ បានសម្លាប់មនុស្ស៥នាក់ និងធ្វើឱ្យមនុស្ស ១៥នាក់កំពុងបាត់ខ្លួន ហើយ ១៣នាក់ទៀតជាប់គាំងនៅព្រឹកបន្ទាប់។
ភ្លាមៗ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យបុគ្គលិកសង្គ្រោះបន្ទាន់ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រោះមហន្តរាយ ក៏ដូចជាជួយសង្គ្រោះ និងប្រយុទ្ធជាមួយទឹកជំនន់ និងគ្រោះរាំងស្ងួត។ លោក ស៊ី ថែមទាំងបានណែនាំដល់ក្រុមអ្នកជួយសង្គ្រោះ ឱ្យធានាសុវត្ថិភាពទាំងអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ព្រមទាំងស្ថិរភាពសង្គមទាំងមូល។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបន្ថែមថា នៅក្នុងខេត្ត ហ៊្វូជាន មនុស្សជាងកន្លះលាននាក់បានរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទឹកជំនន់។ ទឹកជំនន់ក៏បានវាយប្រហារខេត្តភាគខាងត្បូង និងភាគកណ្តាលនៃខេត្តក្វាងស៊ី និងហ៊ូណានផងដែរ។
រីឯភាគខាងជើងរបស់ប្រទេសចិនវិញ បែរជាបានជួបប្រទះអាកាសធាតុក្តៅបំផុតប្រចាំឆ្នាំ។ មជ្ឈមណ្ឌលឧតុនិយមជាតិនិយាយថា បារតវាស់សីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣៩អង្សាសេនៅក្នុងរដ្ឋធានីប៉េកាំង និងតំបន់ជុំវិញ មានដូចជាទីក្រុងធានជីន និងហឺប៉ី កាលពីថ្ងៃអង្គារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា