កម្ពុជា និងសិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព

ភ្នំពេញ៖ មេដឹកនាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ឯកភាព​ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ឯកភាពគ្នាដូច្នេះ នៅល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។ ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងសិង្ហបុរី-កម្ពុជា ដោយនៅឆ្នាំ២០២៥ខាងមុខនេះ គឺជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាពេលនេះ ជាចលករ នៃការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។

សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ ឯកឧត្តមនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលសិង្ហបុរី ព្រមទាំងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយទស្សនកិច្ចផ្លូវការនេះ នឹងកាន់តែធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

សមភាគីទាំងពីរក៏បានឯកភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួម ជាមួយនឹងការគាំទ្រ និងចែករំលែកនូវបទពិសោធន៍លើវិស័យសំខាន់ៗ រួមមាន៖ (១) ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តនូវកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត (២) កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំ ក្រុមការងាររួមដើម្បីពិភាក្សាអំពីមធ្យោបាយ និងផែនការសកម្មភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ (៣) ការបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលរួមការកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍​ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់​បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សងទៀតមកទស្សនាប្រទេសទាំងពីរ (៤) ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរបានអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរវាងប្រទេសកម្ពុជា-ឡាវ-សិង្ហបុរី ការបង្កើតនូវក្រុមការងារថ្នាក់រដ្ឋមន្រ្តីនៃប្រទេសទាំងបី និងលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធបន្ថែមទៀត និង (៥) កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សមភាគីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្តូរទស្សនកិច្ច នៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាល ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការ​ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ។

ក្រៅពីនេះ សមភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយ​ចំនួន ​ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាព​នៅក្នុង​តំបន់ និងពិភពលោក​ ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមក​រវាងប្រទេស​ទាំង​ពីរ ។ សមភាគីទាំងពីរ​ ក៏បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការលើ​វិស័យ​ធនា​គារ និងហិរញ្ញវត្ថុ និង វិស័យឌីជីថល និងបានចូលរួមជាអធិបតីជាមួយ ក្នុងពិធី​ប្រ​កាស​ដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងចុះហត្ថលេខាលើ អនុស្សរណៈ នៃការ​យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ។

សម្តេចធិបតី ក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីសិង្ហបុរី មកបំពេញ​ទស្សនកិច្ចផ្លូវ​ការ​នៅ កម្ពុជានាពេលសមស្របណាមួយ ព្រមទាំងបានជូនពរឯកឧត្តម និងគណៈរដ្ឋ​មន្ត្រី នៃរដ្ឋាភិបាលសិង្ហបុរី ឱ្យទទួលបានជោគជ័យក្នុងការងារដឹកនាំប្រទេសផងដែរ ។

បន្ទាប់មក មេដឹកនាំទាំង បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងពិធី៖
១. ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) ។
២. ចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ​រដ្ឋាភិបាលឌីជីថល ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner