ប្រធានាធិបតីសិង្ហបុរី ចាត់ទុកសក្ដានុពលនៃធនធានមនុស្សវ័យក្មេងរបស់កម្ពុជា គឺជាកម្លាំងចលករជំរុញការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ៖ ក្នុងជំនួប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែ​មិថុនា ឆ្នាំ២០២៤ ឯកឧត្តម Tharman Shanmugaratnam ប្រធានាធិបតី នៃ​សាធារណរដ្ឋសិង្ហបុរី បង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពល នៃធនធាន​មនុស្សវ័យ​ក្មេងរបស់កម្ពុជាគឺ ជាកម្លាំងចលករ នៃការការជំរុញការអភិវឌ្ឍរបស់កម្ពុជា​លើ​គ្រប់​វិស័យ ។

ឯកឧត្តមប្រធានាធិបតី បានសម្ដែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញ​បំពេញទស្សន​កិច្ច​ផ្លូវការរបស់សម្តេចធិបតីលើកដំបូង ក្នុងនាមជានាយករដ្ឋមន្រ្តី មកកាន់ សិង្ហបុរី បន្ទាប់ពីសម្ដេចធិបតីបានចូលរួមក្នុងកម្មវិធីពិសេសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់កាលពីឆ្នាំ២០១៨។

សិង្ហបុរី បានវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាងសិង្ហបុរី-កម្ពុជាលើគ្រប់វិស័យ ដែលរួមមាន ៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ បណ្ដុះបណ្ដាល និង​ការអភិវឌ្ឍធនធានមនុស្ស ។

ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយឈាន​ទៅ​រកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរសម្រាប់ប្រជាជាតិទាំងពីរ។ បន្ថែម​លើនេះ ឯកឧត្តមប្រធានាធិបតីបានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពល​នៃធនធាន​មនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈនៅ​កម្ពុជា នឹងជាកម្លាំងចលករនៃការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍ​លើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យ​សក្ដានុពលផ្សេងៗទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍​យ៉ាងកក់​ក្តៅពីសំណាក់ឯកឧត្តមប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ហើយ​សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងមានកិច្ច​សហប្រតិបត្តិការ​កាន់តែច្រើន ជាពិសេស នៅក្នុងឆ្នាំ២០២៥ ប្រទេសទាំងពីរនឹងរៀបចំខួបលើកទី​៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ហើយប្រទេសទាំងពីរនឹងស្វែងរក​នូវកិច្ចសហប្រតិបត្តិការ ស្តីពីការអភិវឌ្ឍលើគ្រប់ទំនាក់ទំនង ដូចជា ទំនាក់ទំនង​ធុរកិច្ច វិស័យឯ​កជន និង ឯកជន រដ្ឋាភិបាល និងរដ្ឋាភិបាល និងទំនាក់ទំនង​ក្នុងទិដ្ឋភាពផ្សេងទៀត។

សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សាអំពីយន្តការ និង​ក្រប​ខណ្ឌគោលនយោបាយនានាសម្រាប់កិច្ចការពារដល់បរិស្ថាន ជាពិសេស​ការទប់​ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាបាននូវភាព​ធន់របស់​សេ​ដ្ឋកិច្ច​នៃប្រ​ទេសទាំងពីរ ដោយផ្តោតលើការពង្រីកការប្រើប្រាស់​ថាមពលកកើតឡើងវិញ ដែល​អាចឈានដល់ការសម្រេចបាននូវបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid)។

ក្នុងយន្តការនៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនឹងខិតខំពង្រឹកបន្ថែមនូវទំហំវិនិយោគ និងពា​ណិជ្ជកម្ម ក៏ដូចជាការជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ។ ក្រៅពី​នេះ​ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និង​ធនាគារ និងបច្ចេកវិទ្យា ។

សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីក៏បានឯកភាពគ្នាលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលទាំងពីរក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីកំណត់ជាក់​លាក់លើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និង​វិស័យផ្សេងៗផងដែរ ។

សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី មានសុទិដ្ឋិនិយមថា នឹងបន្តមាន​ការអភិ​វឌ្ឍកាន់តែល្អប្រសើរថែមទៀត ហើយទំនាក់ទំនងនេះនឹងជាកត្តាកំណត់សម្រាប់កិច្ច​សហប្រតិបត្តិការ និងការទទួលបាននូវវិបុលភាពនៅពេលអនាគតរវាង​ប្រទេស​ទាំងពីរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner