បណ្ឌិត គិន ភា៖ ទំនាក់ទំនងកម្ពុជា-វៀតណាម ត្រូវឈរលើគោលការណ៍ភាពជាអ្នកជិតខាងល្អ
គិតមកដល់ពេលនេះ ទំនាក់ទំនងការទូត ផ្លូវការរវាងកម្ពុជា និងវៀតណាម មានអាយុកាល៥៧ឆ្នាំហើយ។ ប្រទេសទាំងពីរបានបង្កើត ទំនាក់ទំនងការទូត ផ្លូវការជាមួយគ្នា នៅថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ១៩៦៧។ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០ គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។
ទោះបីកម្ពុជានិងវៀតណាមទើបមានចំណងទំនាក់ទំនងការទូត ផ្លូវការជាងកន្លះសតវត្សរ៍កន្លងមកនេះក្តី ប៉ុន្តែបើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាជាយូរលង់មកហើយ ពោលគឺតាំងពីសតវត្សរ៍ទី១៥នៃគ្រិស្តសករាជមកម្ល៉េះ។ ក្នុងសម័យសង្គ្រាមត្រជាក់ ចំណងទំនាក់ទំនងរវាងប្រទេស ទាំងពីរ បានជាប់ពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅ ជាពិសេស ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍ ឆ្នាំ១៩៧០។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៨០ ដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ ទំនាក់ទំនងរវាងប្រទេស ទាំងពីរកាន់តែមានលក្ខណៈស៊ីជម្រៅនិងស្អិតល្មួត ដ្បិតប្រទេសទាំងពីរជាសហភាតរៈនៃរដ្ឋសង្គមនិយមដូចគ្នា។
ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមបានបោះជំហានចូលក្នុងរបត់នយោបាយថ្មីមួយ ដែលក្នុងនោះ វៀតណាមនៅរក្សារបបនយោបាយសង្គមនិយមដដែល រីឯកម្ពុជាបាន ប្រកាន់យករបបប្រជាធិបតេយ្យសេរី ពហុបក្ស ហើយរបបរាជានិយមអាស្រ័យធម្មនុញ្ញត្រូវបានបង្កើតឡើងវិញ។ ទោះបីប្រទេសទាំងពីមានភាពខុសគ្នាលើប្រព័ន្ធនយោបាយក៏ពិតមែន តែទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមានការប្រែប្រួលទេ ប៉ុន្តែកាន់តែត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។ ក្នុងនាមជាប្រទេសបានធ្លាប់រងគ្រោះដោយសារសង្គ្រាម កម្ពុជាបានយកចិត្តទុកដាក់ខ្លាំង ចំពោះសន្តិភាពនិងស្ថិរភាព ទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងក្រៅតំបន់ និងបានប្តេជ្ញាចិត្តលើកកម្ពស់ការអភិវឌ្ឍ វិបុលភាព និងគោលការណ៍បញ្ចសីលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងអន្តរជាតិ។
ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសភាព ជាអ្នកជិតខាងល្អ ដោយពង្រឹងមិត្ត ភាពនិងពង្រីកកិច្ចសហប្រតិបត្តិការមិនត្រឹមតែនៅក្នុងក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុង វេទិកា អន្តរជាតិ និងតំបន់ទៀតផង។ ក្នុងវេទិកាតំបន់ ប្រទេសទាំងពីរបានផ្លាស់ប្តូរ ទស្សនៈលើបញ្ហា តំបន់ និងអន្តរជាតិ ដែលមានប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ។ ដោយឡែកវៀតណាមវិញ ជាក្របខណ្ឌគោលនយោបាយការបរទេសទ្វេភាគីជាមួយប្រទេសកម្ពុជា ក៏មិនសូវជាខុសពីកម្ពុជាប៉ុន្មានដែរ គឺវៀតណាមចាត់ ទុកកម្ពុជា ជាប្រទេសជិតខាងមួយ ដែលទំនាក់ទំនងល្អត្រូវ បានចាត់ទុកជា អាទិភាពនិងត្រូវពូនជ្រុំ។
ចំពោះមុខបរិបទផ្ទៃក្នុង និងខាងក្រៅ ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍលើវិស័យជាច្រើន។ កម្ពុជានិងវៀតណាមបានឯកភាពថា ការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាជាតិទាំងពីរ។ ជារួមទៅ គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជានិងវៀតណាមចំពោះគ្នាទៅវិញទៅមក បានរំលេចឱ្យឃើញនូវភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ កម្ពុជានិងវៀតណាមបានពូនជ្រុំមិត្តភាព និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើទំនុកចិត្តខាងផ្នែកនយោបាយស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេស ទាំងពីរមានការអភិវឌ្ឍរីកចម្រើនលើវិស័យជាច្រើន ហើយប្រទេសទាំងពីរយល់ឃើញថា ការពង្រឹងនិងពង្រីក ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ។ គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជានិងវៀតណាមចំពោះគ្នាទៅវិញទៅមកបង្ហាញឱ្យឃើញពី ភាពស៊ីជម្រៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងកម្ពុជា-វៀតណាមបន្តធ្វើពិពិធកម្មទាំងកម្រិតទ្វេភាគី និងពហុភាគី និងមានភាពរឹងមាំលើ គ្រប់វិស័យដែលជាផលប្រយោជន៍រួម។ ប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហារួមជាសាកល ពង្រីកទំនាក់ទំនងនៅគ្រប់កម្រិតនិងគ្រប់វេទិកា និងពង្រឹងការយោគយល់គ្នាទៅវិញទៅមកដែលនឹងធ្វើឱ្យប្រទេសទាំងពីរ អាចទទួលបាននូវសមិទ្ធផលធំធេងជាងមុនទាំងកម្រិតជាតិ និងកម្រិតសាកល។
ក្នុងការបង្ហាញគោលជំហរចំពោះគ្នាទៅវិញទៅមក មេដឹកនាំនៃប្រទេសទាំងពីរតែងតែសម្ដែងឱ្យឃើញនូវការប្តេជ្ញាចិត្តពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនដល់កម្រិតខ្ពស់ថ្មី មួយទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ ប្រជាជននិងប្រទេសទាំងពីរ។
រាជរដ្ឋាភិបាលថ្មីនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែរក្សាគោលនយោបាយការបរទេសភាពជាអ្នកជិតខាងល្អជាមួយវៀតណាម និងប្រទេសជិត ខាងផ្សេងទៀត។ ក្នុងទស្សនទានកម្ពុជា ភាពជាអ្នកជិតខាងល្អ គឺជាយន្ដការដ៏មានប្រសិទ្ធភាពក្នុងការ លើកកម្ពស់ផលប្រយោជន៍រួម សម្រាប់ប្រទេសជាតិជិតខាងគ្នានិងជំរុញឱ្យមានកិច្ចសហប្រតិបត្ដិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ ភាពជាអ្នកជិតខាងល្អ គឺជាមូលដ្ឋានគ្រឹះសម្រាប់ សន្ដិសុខ តំបន់និងពិភពលោក។
តំបន់ក៏ដូចជាពិភពលោកទាំងមូល នឹងមិនមានសន្ដិភាពទេ ប្រសិនបើប្រជាជាតិទាំងឡាយ ដែលនៅជិតខាងគ្នាមានជម្លោះនឹងគ្នា។ ដូច្នេះ វាជាការចាំបាច់ ដែលប្រទេសនៅជិតខាងគ្នា ត្រូវកសាងទំនុកចិត្ដគ្នា ទៅវិញទៅមក កាត់បន្ថយជាអតិបរិមានូវភាពប្រទូសរ៉ាយដាក់គ្នា ហើយត្រូវបណ្ដុះស្មារតីវប្បធម៌សន្ដិភាព ការអភិវឌ្ឍប្រកបដោយនិរន្ដរភាព តុល្យភាព និងសុខដុមរមនានៅតាមព្រំដែន។ ការបង្កអារិភាពជាមួយ ប្រទេសជិតខាង មិនបាននាំមកនូវផលប្រយោជន៍អ្វីទាំងអស់ សម្រាប់ប្រទេសជាតិនីមួយៗ ក្រៅតែពីការបង្ក អសន្ដិសុខនិងការរាំងស្ទះដល់ការអភិវឌ្ឍ។
ដោយឈរលើគោលការណ៍និងទស្សនទានខាងលើ គោលនយោបាយការបរទេសកម្ពុជា ចំពោះ វៀតណាម គឺផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ការកសាង មិត្ដភាព ជិតស្និទ្ធ ជា ប្រពៃណី ការជឿទុក ចិត្តគ្នា ទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការដោះស្រាយ បញ្ហាព្រំដែនដោយម៉ឺងម៉ាត់និង តាមរយៈការចរចាដោយសន្ដិវិធីដោយចៀសវាងដាច់ខាតនូវដំណោះស្រាយដោយប្រើកម្លាំង។ ទំនាក់ទំនងល្អរវាង កម្ពុជានិងវៀតណាម មិនត្រឹមតែផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព នៅក្នុងតំបន់ និងលើពិភពលោកផងដែរ។
ដោយឈរលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជានិងវៀតណាម ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។ ដូច្នេះ ប្រទេស ទាំងពីរត្រូវបន្តរួមរស់ជាមួយគ្នាដោយសុខសន្តិភាព គោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាព ទឹកដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដោយសន្តិវិធី និងសហប្រតិបត្តិការ លើគ្រប់វិស័យដែលមានផលប្រយោជន៍ទាំងសងខាង ឱ្យស័ក្តិសមនឹងបាវចនានៃទំនាក់ទំនងដែលប្រទេស ទាំងពីរ បានអនុម័ត គឺ « ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងឋិតថេរ យូរអង្វែង» រវាងប្រទេសទាំងពីរនាពេលអនាគត។ ជាមួយនឹងបាវចនាខាងលើ យើងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្រាប់សតវត្សរ៍ ខាងមុខ នឹងបន្តរីកចម្រើនកាន់តែទូលំទូលាយគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាព និងកាន់តែល្អប្រសើរឡើងថែមទៀត៕
ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារាជបណ្ឌិត្យសភាកម្ពុជា
(ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)