អ្នកជំនាញថា វត្តមានលោក ពូទីន នៅកូរ៉េខាងជើង ផ្តោតចម្បងជំរុញទំនាក់ទំនងការពារជាតិ

ព្យុងយ៉ាង៖ អ្នកជំនាញបានព្រមានថា ការបំពេញទស្សនកិច្ចរបស់លោក ពូទីន នៅកូរ៉េខាងជើង ទំនងជាផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងការពារជាតិរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បើទោះបីជាសាធារណៈជនទូទៅនិយាយថា មេដឹកនាំប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងបង្ហាញពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍ថា លោក គីម បានឈរនៅលើកំរាលព្រំក្រហមរង់ចាំលោក ពូទីន ចេញពីយន្តហោះឯកជនរបស់គាត់ មុនពេលមេដឹកនាំទាំងពីរឡើងលើរថយន្តធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាល។ លោក គីម ចាប់ដៃជាមួយលោក ពូទីន ហើយបានឱបគាត់យ៉ាងកក់ក្តៅ និងបង្ហាញពីក្ដីសប្បាយរីករាយ ដែលបានជួបលោក ពូទីន ម្តងទៀត បន្ទាប់ពីកិច្ចប្រជុំកំពូលនៅភាគខាងកើតឆ្ងាយនៃប្រទេសរុស្ស៊ីកាលពីឆ្នាំមុន។

លោក ពូទីន កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង អមជាមួយមន្ត្រីរុស្ស៊ីជាន់ខ្ពស់មួយចំនួន រួមទាំងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ពូទីន មកកាន់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០០០។ វិមានក្រឹមឡាំងបានចេញផ្សាយឯកសារមួយកាលពីថ្ងៃអង្គារ ដែលបញ្ជាក់ពីផែនការរបស់រុស្ស៊ី ក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញា “ភាពជាដៃគូយុទ្ធសាស្ត្រ” ជាមួយកូរ៉េខាងជើង។

លោក ពូទីន និង លោក គីម នឹងរៀបចំជំនួបនៅថ្ងៃពុធនេះក្នុងទីក្រុងព្យុងយ៉ាង សម្រាប់កិច្ចប្រជុំកំពូលមួយ ដោយមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីវិធីសាស្រ្តជំរុញទំនាក់ទំនងយោធាប្រឆាំងនឹងទណ្ឌកម្មអន្តរជាតិ។ កន្លងមក បណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់លោក គីម ថា បានផ្គត់ផ្គង់អាវុធទៅឱ្យរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន ដែលប្រការនេះបានរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានទីក្រុងមូស្គូ និងព្យុងយ៉ាងទាត់ចោល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner