អ្នកជំនាញថា ពិភពលោកមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីទប់ទល់ជំងឺរាតត្បាតនាពេលអនាគតទេ

ប៉ារីស៖ របាយការណ៍មួយបានឱ្យដឹងថ្មីៗនេះថា ការកើនឡើងករណីឆ្លងជំងឺផ្តាសាយបក្សី ក្នុងចំណោមថនិកសត្វ រួមទាំងគោ និងក្របី ជាសញ្ញាព្រមានច្បាស់ៗថា ពិភពលោកនៅមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនាពេលអនាគតនោះទេ ដោយជំរុញឱ្យមេដឹកនាំចាត់វិធានការឱ្យបានឆាប់រហ័ស។

ជំងឺគ្រុនផ្តាសាយបក្សី H5N1 កំពុងរីករាលដាលកាន់តែខ្លាំងឡើងទៅលើថនិកសត្វ រួមទាំងគោ និងក្របីនៅក្នុងកសិដ្ឋានទូទាំងសហរដ្ឋអាមេរិក ក៏ដូចជាឆ្លងទៅក្នុងខ្លួនមនុស្សមួយចំនួនផងដែរ ដែលជំរុញឱ្យមានការព្រួយបារម្ភថា មេរោគនេះអាចបង្កឱ្យកើតមានជំងឺរាតត្បាតរាតត្បាតនាពេលអនាគត។

ជាការឆ្លើយតប សហអ្នកនិពន្ធរបាយការណ៍ និងជាអតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Helen Clark បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រសិនបើជំងឺផ្តាសាយបក្សី H5N1 ចាប់ផ្តើមរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នោះពិភពលោកអាចនឹងរងទុក្ខសាជាថ្មីទៀត បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩។ អ្នកស្រី Clark បានបញ្ជាក់យ៉ាងដូច្នេះថា វាអាចជាគ្រោះមហន្តរាយធ្ងន់ធ្ងរ បើធៀបនឹងជំងឺកូវីដ១៩ ដោយសារតែយើងមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការបញ្ឈប់ការផ្ទុះឡើង មុនពេលវារីករាលដាលបន្ថែមទៀត។

តាមរយៈរបាយការណ៍ខាងលើនេះ បានអំពាវនាវឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិ យល់ព្រមលើកិច្ចព្រមព្រៀងទប់ស្កាត់ជំងឺរាតត្បាតថ្មី ដែលគ្រោងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២៤ ក៏ដូចជាផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការជំរុញការផលិតវ៉ាក់សាំង, ការពង្រឹងអំណាចរបស់ WHO និងជំរុញកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាត។

ដើម្បីបញ្ជាក់ពីការគំរាមកំហែងដ៏មានសក្តានុពលនោះ របាយការណ៍ដដែលនេះ បានបង្ហាញថា មានឱកាសមួយក្នុងចំនោមពីរ ដែលពិភពលោកនឹងទទួលរងនូវជំងឺរាតត្បាត ដែលមានទំហំប្រហាក់ប្រហែលនឹងជំងឺកូវីដ១៩ក្នុងរយៈពេល ២៥ឆ្នាំខាងមុខទៀត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner