២០មិថុនា កំណត់ត្រាអំពីតម្លៃនៃការលះបង់ដើម្បីសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ

ភ្នំពេញ៖ ថ្ងៃទី២០ មិថុនា កាលពី៤៧ឆ្នាំមុន នៅលើទឹកដីជាយដែននៃកម្ពុជា មានយុវជនខ្មែរមួយរូបទើបតែអាយុ ២៥ឆ្នាំ បាន​សម្រេច​ចិត្ត ប្រកបដោយការលះបង់ខ្ពស់បំផុតជាមួយយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ៤រូបផ្សេងទៀតដើម្បីទាមទារសិទ្ធិរស់រានមាន​ជីវិត​របស់ពលរដ្ឋខ្មែរ។ រឿងដែលគេឧស្សាហ៍ធ្លាប់ឃើញក្នុងខ្សែភាពយន្ត បានកើតឡើងពិតៗនៅកម្ពុជាក្នុងទឹកដីនៃតំបន់ x-១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលជាការចាប់ផ្តើមបេសកកម្មដាក់ជីវិតផ្ទាល់ខ្លួនធ្វើជា​ដើមទុន ដើម្បីប្តូរយកជីវិត ខ្មែរមួយនគរដែលកំពុងឈរនៅពីមុខជ្រោះមរណៈនិងកំពុងបួងសួងរកអ្នកជួយសង្គ្រោះ។

សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គពិតក្នុងបេសកកម្ម «សំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់» នេះ។ នៅម្ខាង គឺជាវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់មនុស្សគ្មានត្រាប្រណី រីឯនៅម្ខាងទៀត គឺជាព្រំដែនប្រទេសជិតខាងដែលកងទ័ព ខ្មែរក្រហមធ្លាប់បើកការវាយប្រហារជារឿយៗ។ ស្ថានភាពនេះ មិនខុសពី «ចុះទឹកក្រពើឡើងលើខ្លា» នោះឡើយ។ ប៉ុន្តែ ដោយ អំណាចនៃទឹកចិត្តស្នេហាជាតិដ៏មោះមុត កុលបុត្រខ្មែរដ៏ឆ្នើមរូបនេះ មិនញញើតឡើយក្នុងការប្រថុយជីវិតដើម្បីបុព្វហេតុរំដោះជាតិ ពីក្រញាំបិសាចអាវខ្មៅ។

ក្រោយឆ្លងកាត់ឧបសគ្គរាប់សែនលានជំពូក ចលនាតស៊ូរំដោះជាតិក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី១២ ឧសភា ១៩៧៨។ បន្ទាប់មក រណសិរ្ស២ធ្នូ ក៏បានកកើតឡើងក្នុងឆ្នាំដដែលរហូតឈានដល់ជ័យជម្នះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជីវិតខ្មែរគ្រប់​គ្នាឱ្យរស់រានមានជីវិតដូចក្តីប្រាថ្នា។ ទោះបីបេសកកម្មទាមទារសិទ្ធិរស់រានមានជីវិតបានទទួលជោគជ័យ ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាបន្តរែកពន់នូវអម្រែកដ៏សែនធ្ងន់នៅលើស្មា ពីព្រោះប្រទេសជាតិទាំងមូលត្រូវបាន​បំផ្លាញខ្ទេចខ្ទាំទាំងហេដ្ឋារចនាសម្ព័ន្ធសង្គម ទាំងធនធានមនុស្ស។ ដៃម្ខាងខំប្រឹងកសាងប្រទេសពីគំនរផេះផង់ រីឯដៃម្ខាងទៀតប្រឹង​ទប់​កុំឱ្យ​របបប្រល័យពូជសាសន៍វិលវិញ។

ដូច្នេះ បើយើងក្រឡេកថយក្រោយដើម្បីរំលឹកអំពីដំណើរឆ្ពោះទៅការរំដោះជាតិ និងដំណើរការកសាងជាតិឡើងវិញក្រោយ​របបខ្មែរ​ក្រហម រហូតសម្រេចបានសមិទ្ធផលជូនប្រទេសជាតិដូចសព្វថ្ងៃ យើងប្រាកដជាស្គាល់ច្បាស់ថា តើនរណាជាវីរជន​សិទ្ធិមនុស្សពិត​ប្រាកដរបស់កម្ពុជា នរណាជាមហាវីរបុរសជាតិខ្មែរ នរណាជាបិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងនរណាជា​អ្នកសាង​សមិទ្ធផលធំធេងអស្ចារ្យសម្រាប់ប្រទេសនេះដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបរយៈពេល៥០០ឆ្នាំចុងក្រោយ។

ទោះបីជាមានអ្នកខ្លះភ្លេច ឬធ្វើជាភ្លេចដោយសារតែហេតុផលនយោបាយងប់ងល់ជ្រុលនិយម ប៉ុន្តែ ពលរដ្ឋខ្មែរភាគច្រើនលើស​លប់នៅចងចាំគ្មានថ្ងៃភ្លេចឡើយនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

សន្តិភាពនិងសមិទ្ធផលគ្រប់បែបយ៉ាងដែលកើតមានលើទឹកដីកម្ពុជាសព្វថ្ងៃ គឺជាស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជន​កម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី ដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។ សមិទ្ធផលទាំងនេះ ត្រូវបានធានាការពារយ៉ាងគត់មុតដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលកំពុងដឹកនាំប្រទេសឈានទៅ​សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដែលនឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រ​ថ្មីមួយទៀតសម្រាប់​កម្ពុជាសម័យទំនើប៕
អត្ថបទដោយ ៖ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner