ម្ចាស់ទូកចម្លងនៅស្រុកប្រាសាទសំបូរ ទទួលការណែនាំបន្ថែម​ពីរដ្ឋបាលខេត្តបន្ទាប់ពីសិស្សម្នាក់បាត់បង់ជីវិត

កំពង់ធំ៖ម្ចាស់អាជីវកម្មទូកដ នៅភូមិឈូកស្ទឹង ឃុំឈូក ស្រុក​ប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានទទួល​ការដាស់​តឿន​បន្ថែមទៀតពីអភិបាលខេត្តកំពង់ធំ បន្ទាប់ពីទូកចម្លងនៅទីនេះ​បានជួបឧបទ្ទវហេតុលិចទូកនៅពេលឆ្លងស្ទឹង​បណ្ដាលឱ្យក្មេង​ប្រុសជំទង់ម្នាក់​បាត់​បង់ជីវិត។

កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំក្រុមការងារថ្នាក់ខេត្ត លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងលោកមេឃុំបាន​ចុះពិនិត្យទីតាំងទូកដចម្លងដែលបានជួបនូវរឿងរ៉ាវអាក្រក់កាលពីថ្ងៃទី៨ ខែមិថុនា បានបណ្ដាលឱ្យសិស្សសាលាអនុវិទ្យា​ល័យឈូកម្នាក់ឈ្មោះ អ៊ីន សុភ័ក្រ អាយុ ១៣ឆ្នាំរៀនថ្នាក់​ទី៧ មានទីលំនៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ បាត់បង់ជីវិត ។

នៅទីនោះឯកឧត្តម ងួន រតនៈ បានជួបជាមួយនឹង​ក្មួយៗជា​សិស្សានុសិស្ស ។លោកបានណែនាំដល់ក្មួយៗ ថាត្រូវ​តែ​មានការប្រុង​ប្រយ័ត្ននៅ​ពេលឡើងទូក មិនត្រូវប្រឡែងគ្នានៅ​លើទូក ។ត្រូវពាក់អាវពោងសុវត្ថិភាពឱ្យបានត្រឹមត្រូវ ។សូម​ឱ្យក្មួយៗត្រូវរៀន​ហែលទឹក​ឱ្យបានគ្រប់ៗគ្នា។

សំដៅទៅលើអ្នកទទួលខុសត្រូវឯកឧត្តមអភិបាលខេត្តកំពង់ធំ បានណែនាំដល់ម្ចាស់អាជីវកម្មទូកដ​ត្រូវយកចិត្ត​ទុកដាក់អំពី​បញ្ហា​សុវត្ថិភាពជាចាំបាច់ ។ ត្រូវពិនិត្យមើលលក្ខណៈបច្ចេក​ទេសរបស់ទូកឱ្យបានជាប្រចាំ ហើយប្រសិនបើមានបងប្អូន​ប្រជាពលរដ្ឋ​មិនពាក់អាវពោងសុវត្ថិភាពគឺមិនត្រូវឱ្យ​គាត់​ឆ្លងឡើយ។ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានលើកទឹក​ចិត្តដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវបង្កើតគណៈកម្មការដើម្បី​គ្រប់គ្រង និងថែក្សាទូកឱ្យបានច្បាស់លាស់ ។គណៈកម្មការ​ត្រូវមានភារកិច្ចត្រួត​ពិនិត្យដំណើរ​ការអាជីវកម្ម និងត្រួតពិនិត្យ​លើកិច្ចសន្យារបស់ម្ចាស់អាជីវកម្មទាំងអស់ និងត្រួតពិនិត្យ​ការថែរក្សាជួសជុល​ទូកផងដែរ។

ឯកឧត្តមបានបន្តថា ដោយមើលឃើញពីការលំបាករបស់​ប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្សត្រូវឆ្លងស្ទឹងជារៀងរាល់ថ្ងៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បានផ្ដល់ទូកដមួយគ្រឿងដែលមាន​លក្ខណៈ​សម្បត្តិត្រឹមត្រូវ តាមបទដ្ឋាន​បច្ចេកទេស ទុកសម្រាប់​ចម្លងនៅទីនេះផងដែរ។
ឯកឧត្តមក៏បានណែនាំ​​បន្ថែមថា នៅពេលដែលទទួល​បាន​ទូកថ្មីមកចម្លង ម្ចាស់អាជីវកម្មទាំងអស់ត្រូវយកចិត្ត​ទុកដាក់​ក្នុងការ​ថែរក្សា​ទូក​ឱ្យបានល្អដើម្បីជាប្រយោជន៍​ដល់ម្ចាស់​អាជីវកម្មផង និងដើម្បីសុវត្ថិភាពដល់អ្នកឆ្លងផង៕

 អត្ថបទនិងរូបភាព៖​ប៊ុន ​រដ្ឋា

ads banner