ខេត្តបាត់ដំបងរម្លឹកពីវីរភាពនិងគុណបំណាច់របស់អតីតយុទ្ធជន

បាត់ដំបង៖មន្រ្តីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិ​សម្បទា ខេត្តបាត់ដំបងបានរំលឹកពីវីរភាពដ៏អង់អាចក្លាហាន និងគុណ​បំណាច់ដ៏ធំធេងអតីតយុទ្ធជន ចំពោះជាតិមាតុភូមិ​និង​ប្រជាជនតាមរយៈការបូជាសាច់ស្រស់ ឈាមស្រស់ក្នុង​បុព្វហេតុរំដោះ​ប្រទេសជាតិឲ្យរួចចេញផុតពីរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត  និងការនាំមកវិញនូវសុខសន្តិភាពដ៏ពេញ​លេញ។

រំលេចឱ្យឃើញពីឧបការគុណនេះបានធ្វើឡើង កាលពីថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសមន្ទីរសង្គមកិច្ច​រួម​ជាមួយ​សមាគម​អតីតយុទ្ធជនកម្ពុជាខេត្តបានប្រារព្ធពិធីអប​អរ​សាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា” ២១ មិថុនា ២០០៧-២១ មិថុនា ២០២៤” ។

លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរាថា ការ​ប្រារព្ធ​ទិវាអតីតយុទ្ធជននេះ ដើម្បីផ្សព្វផ្សាយដល់ប្រជាជន​នៅ​ទូទាំងប្រទេសនិយាយជារួមនិងនិយាយដោយឡែក​ប្រជាពលរដ្ឋក្នុង​ខេត្ត​បាត់ដំបងយល់ដឹងកាន់ច្បាស់និងកាន់តែ​ទូលំទូលាយអំពីវិរភាពនៃអតីតយុទ្ធជនកម្ពុជា ។តាមរយៈ​ការផ្សព្វផ្សាយនេះនឹងបំផុស​នូវ​ចលនាចូលរួមគាំទ្រឲ្យកាន់តែ​ផុលផុស​ដល់អតីតយុទ្ធជនក្នុងការលើកកម្ពស់តួនាទី​របស់អតីតយុទ្ធជនក្នុងសង្គមនិង​​ជំរុញនូវ​ស្មារតី​ស្នេហាជាតិ ក្នុងស្រទាប់ប្រជាជននិងកងកម្លាំងប្រដាប់អាវុធ។

លោកប្រធានមន្ទីរបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាន​យកចិត្តទុកដាក់យ៉ាងខ្លាំងដល់អតីត​យុទ្ធជន តាមរយៈការ​អនុវត្ត​គោល​នយោបាយជាតិចំពោះអតីតយុទ្ធជន និងការគិត​គូរដោះស្រាយជីវភាព ទាំងសម្ភារៈ ទាំងថវិកា។

បច្ចុប្បន្នខេត្តបាត់ដំបងមានអតីតយុទ្ធជនចំនួន១៤ ០១៦នាក់ ។ក្នុងនោះបានចុះឈ្មោះចូលជាសមាជិកសមាគមអតីត​យុទ្ធជន​កម្ពុជា​​ខេត្តចំនួន១១ ៦៩៩នាក់និងអ្នកក្នុងបន្ទុកចំនួន ១៩ ៤៣៩នាក់។ពួកគេស្ថិតនៅក្រោមការគ្រប់គ្រង របស់ សាខាមូលនិធិ​ជាតិជំនួយសង្គមខេត្តបាត់ដំបងដោយទទួល​របបគោលនយោបាយពីរដ្ឋ។

លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាអនុប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងបានណែនាំ ដល់​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ជាពិសេសមន្រ្តីនគរបាល​ប៉ុស្តិ៍ត្រូវ​តាមដាននិងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលពេលវេលា និងគ្រប់កាលៈទេសៈ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។លោកថា រាជរដ្ឋា​ភិបាល​​កម្ពុជាពី​មួយអាណត្តិទៅ​មួយអាណត្តិ តែងតែបាន​ផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ។រាជរដ្ឋាភិបាលមិនទុកអតីត​យុទ្ធជន​ណាម្នាក់ចោលនោះឡើយ។

នៅក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តបាត់ដំបង បានអានសារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសខួប​លើក​ទី១៧ ទិវា​អតីត​យុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤៕ អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប.

ads banner