សកម្មភាពទន្រ្ទានព្រៃដោយខុសច្បាប់នៅព្រៃឡង់ បានស្ងប់​ស្ងាត់បន្ទាប់​ពីដាក់កម្លាំងចម្រុះទប់ស្កាត់

កំពង់ធំ៖សកម្មភាពលួចកាប់ទន្ទ្រានដីព្រៃឈើធ្វើជាកម្មសិទ្ធ​ដោយក្រុមជនល្មើសក្នុងភូមិសាស្ត្រព្រៃឡង់នៅតំបន់អូររកាយស្ថិត​ក្នុង​ឃុំសុចិត្រ ស្រុកសណ្ដាន់  ខេត្តកំពង់ធំ បានស្ងប់ស្ងាត់​មកវិញបន្ទាប់ពីរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាព​ខេត្ត​គណៈ​កម្មការ​គ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធាន​ធម្មជាតិខេត្តកំពង់ធំ ដាក់កម្លាំងចម្រុះទៅបង្រ្កាប។

ទោះបីជាទំហំនៃការលបលួចកាប់ទន្រ្ទានមានទំហំមិនធំប៉ុន្មានក៏ដោយ ក៏ប៉ុន្តែប្រសិនមិនមានការទប់ស្កាត់ទាន់ពេលទេ​ទំហំ​នៃការកាប់ទន្រ្ទានដោយខុសច្បាប់នឹងមាន​ស្ថានភាព​អាក្រក់​ដូចករណីកើតឡើងនៅខេត្តដទៃដូចជាខេត្តពោធិសាត់ ខេត្តស្ទឹងត្រែង​ជាដើម។

លោក គង់ វ៉ាន់ មន្ត្រីបរិស្ថានខេត្តប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយកងកម្លាំងចម្រុះ ប្រចាំការ​នៅតំបន់អូរឃ្មង និងត្រពាំងប្រើសបានបញ្ជាក់ថា តំបន់ដែលមានការកាប់បំផ្លាញនេះឈ្មោះហៅថា តំបន់​អូររកាយ ស្ថិតនៅក្នុង​ឃុំសុចិត ស្រុកសណ្ដាន់ ដែលមានផ្ទៃដី​ប្រមាណជាង១០ហិកតា។ ក្នុងនោះផ្ទៃដីដែលការកាប់​ទន្ទ្រាន​ថ្មី នៅក្នុងចន្លោះមុន​ពេល​ចូលឆ្នាំថ្មីប្រពៃណីខ្មែរ មុនពេល​កងកម្លាំងចម្រុះមិនទាន់មកបំពេញបេសកកម្មនាពេលកន្លងទៅប្រមាណជាងប្រាំមួយហិកតា។ ចំពោះផ្ទៃដីជាងបួន​ហិកតាទៀត ជាផ្ទៃដីដែលបានកាប់ទន្ទ្រានចាស់ ។ លោកបន្ថែមថា ការកាប់ទន្ទ្រាននាពេលកន្លងទៅជនល្មើស​តែង​ប្រព្រឹត្តនៅពេលយប់ ក្នុងពេលដែលកម្លាំងបរិស្ថានមាន​គ្នាតិចលំបាកក្នុងការធ្វើសកម្មភាពត្រួតពិនិត្យ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈ​កម្មការគ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​ខេត្តកំពង់ធំ ដឹកនាំកម្លាំងចម្រុះត្រួតពិនិត្យការកាប់ទន្ទ្រាន​ព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅតំបន់ព្រៃឡង់កាលពីថ្ងៃទី១៨ ខែមិថុនាបានកោតសរសើរដល់កម្លាំងចម្រុះ​ប្រចាំការ​ទប់ស្កាត់នៅទៅនោះ។ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ លោកសោកស្ដាយចំពោះការបាត់បង់​នូវធនធាន​ធម្មជាតិ ដែលត្រូវរងការកាប់ទន្ទ្រាន​យកដីធ្វើ​ជាកម្មសិទ្ធិ​របស់ជនល្មើស ជាមួយនឹងការសោកស្តាយ លោកក៏បានណែ​នាំដល់មន្ត្រីជំនាញពាក់ព័ន្ធរួមជាមួយ​​​កង​កម្លាំង​ចម្រុះត្រូវ​គ្រប់គ្រងឲ្យបានល្អនូវផ្ទៃដីដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ដែលបានប្រមូលមកវិញ  និងត្រូវស្រាវជ្រាវវែក​រកមុខ​សញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ដោយពុំមានការលើកលែង។

នៅកម្ពុជា បន្ទាប់ពីរដូវវស្សាបានបញ្ចប់ សកម្មភាពកាប់​ទន្រ្ទាន​ព្រៃឈើយកដីធ្វើកម្មសិទ្ធបានផ្ទុះឡើងនៅតំបន់ព្រៃជ្រៅ តំបន់​លំបាកក្នុងការធ្វើដំណើរ បង្កដោយជនខិលខូច​មួយ​ចំនួន​កៀរគរប្រជាជនឱ្យចូលរួមតាមរយៈការបោកប្រាស់ចែកជាដីធ្លី និងការឱ្យលុយជាដើម៕
អត្ថបទ និងរូបភាព៖ប៊ុន រដ្ឋា

ads banner