ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយទៅ​ប្រគល់ជូន​កង​កម្លាំងចម្រុះ ការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធាន​ធម្មជាតិ​នៅតំបន់ព្រៃឡង់

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិ​ការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃ​គណៈ​កម្មការការពារ​គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធាន ក្នុង​ភូមិសាស្ត្រខេត្តកំពង់ធំក្នុងសប្ដាហ៍នេះនាំយកអំណោយរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកង​យោធ​ពលខេមរភូមិន្ទ  មេបញ្ជាការ កងទ័ពជើងគោក ប្រគល់ជូនកង​កម្លាំងចម្រុះ ដែលកំពុងសហ​ប្រតិបត្តិការក្នុងភារកិច្ចគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ពីរ​គោលដៅស្ថិតនៅក្នុងតំបន់​ព្រៃឡង់​ក្នុងភូមិសាស្ត្រស្រុក​សណ្តាន់ ខេត្តកំពង់ធំ  ។គោលដៅទី១ នៅតំបន់អូរឃ្មង និងគោលដៅទី២ នៅតំបន់ឃុំសុចិត្រ  ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការ​កោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបាន​សហការ​គ្នាល្អ ចូលរួមក្នុងការការពារទប់ស្កាត់ និងបង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ក្នុង​រយៈពេល៤៥ថ្ងៃកន្លងទៅ​នេះទទួលបានជោគជ័យគួរជាទីមោទនៈដោយគ្មានការកាប់បំផ្លាញជាថ្មី។ដោយឡែកចំពោះ​ការកាប់​ទន្ទ្រានក្នុងរយៈពេល​កន្លងទៅកងកម្លាំងចម្រុះ និងសមត្ថកិច្ចជំនាញបាននឹង​កំពុង​បន្តគ្រប់គ្រង និងស្រាវជ្រាវវែកមុខរកជនល្មើស ដើម្បីកសាង​សំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់​ជាធរមាន។

នៅក្នុងឱកាសនេះដែរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ    ភេសជ្ជៈ  ប្រេងឥន្ធនៈ  សម្ភារៈសម្រាប់បម្រើឲ្យវិទ្យុទាក់ទង  និងតង់កៅស៊ូតូច ធំ សម្រាប់ធ្វើជម្រកស្នាក់នៅបណ្តោះអាសន្ន ដែលជាអំណោយ​របស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់៕
ដោយ៖ប៊ុន រដ្ឋា

ads banner