“អង្គភាពច្រកចេញចូលតែមួយ” នៃរដ្ឋបាលខេត្តបាត់ដំបង នឹងមានអគារថ្មី នៅចុងឆ្នាំនេះ
បាត់ដំបង៖ អង្គភាពច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលខេត្តបាត់ដំបងនឹងមានអគារថ្មីសន្លាងនៅចុងឆ្នាំនេះ។ អគារនេះនឹងជំនួសអគារចាស់ដែលមានសភាពទ្រុឌទ្រោមដោយសាងសង់នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង។
ពិធីបើកការដ្ឋានសាងសង់អគារថ្មី បានប្រារព្ធឡើងកាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។
ប្រាប់ទូរទស្សន៍អប្សរា ,មន្ត្រីជំនាញទទួលការសាងសង់បានឱ្យដឹងថា អគារថ្មីរបស់អង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្ត មានបណ្តាយ២៥ម៉ែត្រ គុណនឹងទទឹង១០ម៉ែត្រ ,,កម្ពស់ពីរជាន់ស្មើនឹងកម្ពស់ប្រវែង ១៦,៣០ម៉ែត្រ។ ក្នុងនោះមានកន្លែងរង់ចាំ,បន្ទប់ការិយាល័យចំនួន១០បន្ទប់,មានសាលប្រជុំតូច ចំនួនមួយ ដែលអាចផ្ទុកមនុស្សប្រជុំបានចំនួន១២-១៥នាក់ និងមានសាលប្រជុំធំចំនួនមួយ ដែលអាចផ្ទុកមនុស្សប្រជុំបានចំនួន ៧០-៨០នាក់។ រយៈពេលក្នុងការសាងសង់គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។
សូមជម្រាបថានៅក្នុងឆ្នាំ២០២៣កន្លងទៅអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តបាត់ដំបង បានបម្រើនិងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តលើវិស័យសំខាន់ៗជាច្រើនបានប្រមាណជាងប្រាំម៉ឺនសេវា។ ខណៈប្រាំខែនៅដើមឆ្នាំ២០២៤នេះ បានផ្តល់និងបម្រើសេវាបានជាងពីរម៉ឺនសេវារួចមកហើយ។
អង្គភាពច្រកចេញ-ចូលតែមួយ ខេត្តបាត់ដំបង គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលលើគ្រប់វិស័យ ដែលរួមបញ្ចូលទាំងសេវារដ្ឋបាល ដែលកំពុងផ្តល់ ដោយរដ្ឋបាលខេត្ត និងសេវារដ្ឋបាលដែលកំពុងផ្តល់ដោយមន្ទីរអង្គភាពជំនាញនានាក្នុងខេត្ត នៅកន្លែងតែមួយ។ អង្គភាពនេះក៏មានតួនាទីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត តាមនីតិវិធីសាមញ្ញ ប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យ និង អាចជឿទុកចិត្តបាន។
ក្នុងចង្កោមសេវារដ្ឋបាលដែលត្រូវបានផ្តល់ជូនប្រជាពលរដ្ឋចំនួន១៤វិស័យដូចជាការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារការថតចម្លង), ការងាររដ្ឋបាល, វិស័យសុខាភិបាល,ទេសចរណ៍,សាធារណការ និងដឹកជញ្ជូន, វប្បធម៌ និងវិចិត្រសិល្បៈ, ព័ត៌មាន, បរិស្ថាន, ឧស្សាហកម្មនិងសិប្បកម្ម, រ៉ែ និងថាមពល, ពាណិជ្ជកម្ម,ការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង វិស័យការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ជាដើម។ល៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប