សមត្ថកិច្ចនគរបាលរាជធានី បញ្ជាក់វិធានការជំហានទី២ «តាមចាប់ និងតាមរក» ក្មេងទំនើង (Video Inside)

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់នូវការបង្កើនវិធានការបង្ក្រាបកាន់តែក្តៅ ចំពោះក្មេងទំនើង តាមរយៈការ «តាមចាប់ និងតាមរក» ក្មេងទំនើង នៅគ្រប់ទីកន្លែង។

ការបញ្ជាក់នូវវិធានការកាន់តែក្តៅនេះ ខណៈក្មេងទំនើងដែលបង្ក្រាបជាបន្តបន្ទាប់ នៅតែបង្ហាញភាពផ្គើន ដែលខ្លះបង្ហាញភាពមិនខ្លាច នឹងចំណាត់ការបង្ក្រាបរបស់សមត្ថកិច្ចឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើង ឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។ សម្តេចធិបតីបានដាក់បទបញ្ជា ការលុបបំបាត់ករណីក្មេងទំនើងចេញពីមូលដ្ឋាន និងពីសហគមន៍ ដើម្បីការកសាង និងពង្រឹងភូមិឃុំមានសុវត្ថិភាព។

ជាមួយនឹងបទបញ្ជាដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលចាប់តាំងពីខែឧសភានោះមក, ការបង្ក្រាបក្មេងទំនើងបានធ្វើជាបន្តបន្ទាប់ ប៉ុន្តែតាមកន្លែងមួយចំនួន ជាពិសេសក្នុងរាជធានី, ករណីក្មេងទំនើង បើទោះពីជាមានសភាពស្ងប់ស្ងាត់ខ្លះ ប៉ុន្តែនៅមិនទាន់អស់ទាំងស្រុងឡើយ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៣ទៀបភ្លឺឈានចូលថ្ងៃទី១៨មិថុនា ករណីក្មេងទំនើង ២ក្រុម បានបង្កការដេញកាប់ចាក់គ្នា នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលជាខណ្ឌមួយតែងមានសេចក្តីរាយការណ៍ជារឿយៗ ពាក់ព័ន្ធនឹងបទល្មើស ជាពិសេសករណីក្មេងទំនើង។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងលោកនឹងបញ្ចេញចំណាត់ការកាន់តែក្តៅ ក្នុងជំហានទី២នេះ ដោយ «ការតាមរក និងតាមចាប់» ក្មេងទំនើងទៅដល់ផ្ទះ និងតាមគ្រប់កន្លែងទាំងអស់។

ads banner