ប្រធានរដ្ឋសភាកម្ពុជាគ្រោងទស្សនកិច្ចក្នុងប្រទេសថៃ (Video Inside)

ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសថៃ នាពាក់កណ្តាលខែកក្កដាខាងមុខនេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិត្តិការសភាប្រទេសទំាងពីរ។

អគ្គលេខាធិការដ្ឋានរដ្ឋសភាបានថ្លែងថា ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅព្រះរាជាណាចក្រថៃ គឺតបតាមការអញ្ជើញ លោក វ៉ាន់មូហាម៉ាត់ ណ័រ ម៉ាក់ថា ប្រធានរដ្ឋសភាថៃ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិត្តិការសភាប្រទេសទំាងពីរ ឱ្យកាន់តែស៊ីជម្រៅស្របតាមកិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្ត្រ» ដើម្បីបម្រើផលប្រយោជន៍ប្រជាជន នៃប្រទេសទំាងពីរ។

ប្រធានរដ្ឋសភាប្រទេសទំាងពីរ អាចនឹងឈានដល់ការចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សារណៈ នៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យស្របតាមសភាពការណ៍ជាក់ស្តែង ដើម្បីឆ្លើយតបដល់ប្រសិទ្ធភាព នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភា ប្រទេសទំាងពីរ ឱ្យបានខ្ពស់ឡើងបម្រើផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទំាងពីរ កាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា អតីតអនុស្សារណៈ នៃការយោគយល់គ្នា នៃរដ្ឋសភាប្រទេសទំាងពីរ បានធ្វើឡើងតំាងពីឆ្នាំ២០០៧មកម្ល៉េះ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ច គ្រោងនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ, ជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីថៃ និងជួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគីថៃ លោក វ៉ាន់មូហាម៉ាត់ ណ័រ ម៉ាក់ថា។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ គឺជាដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសលើក៤ របស់សម្តេចប្រធានរដ្ឋសភា ចាប់តំាងពីរដ្ឋសភានីតិកាលទី៧ បានបង្កើតឡើងមកនេះ។

ads banner