វៀតណាមឲ្យពលរដ្ឋទិញមាស កុំប្រើសាច់ប្រាក់

ហាណូយ៖ កាសែតវៀតណាម VNexpress បានចុះផ្សាយ នៅថ្ងៃពុធនេះថា មន្ត្រីពន្ធដារវៀតណាមបានលើកទឹកចិត្ត ឲ្យពលរដ្ឋទិញមាស ទូទាត់តាមរយៈគណនីធនាគារ ដើម្បីឱ្យអាជ្ញាធរអាចតាមដានប្រតិបត្តិការហិរញ្ញវត្ថុ និងទប់ស្កាត់ការលាងលុយកខ្វក់។

សាខាធនាគាររដ្ឋវៀតណាម នៅហូជិមិញ ធ្លាប់បានធ្វើសំណើស្រដៀងគ្នានេះ កាលពីខែឧសភា ដើម្បីធានាឱ្យមានតម្លាភាព នៅក្នុងទីផ្សារមាស។ ប៉ុន្តែ លោក Dang Ngoc Minh អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ អះអាងថា ការទិញមាសដោយសាច់ប្រាក់នៅតែពេញនិយម។

អ្នកវិភាគមួយចំនួនបានចង្អុលបង្ហាញថា សម្រាប់មនុស្ស ដែលមិនមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាចនឹងមានបញ្ហា ជាមួយនឹងការទូទាត់មិនមែនសាច់ប្រាក់។ ប៉ុន្តែពួកគេគិតថា គួរតែលើកទឹកចិត្ត ឲ្យទូទាត់តាមគណនីធនាគារ ដែរ។

វៀតណាមមានអាជីវកម្មមាស និងគ្រឿងអលង្ការចំនួន ១២៥០០កន្លែង ទូទាំងប្រទេស ហើយអ្នកទិញ ជាច្រើនបានបង់ប្រាក់ជាសាច់ប្រាក់ ហើយថែមទាំងមិនទាមទារវិក្កយបត្រ ដែលធ្វើឱ្យអាជ្ញាធរពន្ធដារមានការលំបាក ក្នុងការត្រួតពិនិត្យប្រតិបត្តិការទាំងនេះ។

វៀតណាមគឺជាទីផ្សារមាសដ៏ធំបំផុតមួយ នៅអាស៊ីអាគ្នេយ៍ ជាមួយនឹងការជួញដូរ ៥៥.៥ តោនក្នុងឆ្នាំ ២០២៣ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក។

តម្លៃមាស បានកើនឡើង ២២% ក្នុងរយៈពេលប្រាំខែដំបូង ឆ្នាំ២០២៤ ប៉ុន្តែ បានធ្លាក់ចុះមកវិញ នៅដើមខែនេះ៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner