ឯកឧត្តម វ៉ាត់ ចំរើន ៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ដើម្បីជំរុញដល់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកកាន់កម្ពុជា
(ភ្នំពេញ)៖ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើទី៩ (9th Angkor Empire Marathon 2024) ដែលគ្រោងនឹងប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប មកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ មានកីឡាករ កីឡាការិនីជាតិ-អន្តរជាតិបានចុះឈ្មោះ ចូលរួមរត់បានចំនួន ១៣៧៦នាក់ហើយ ខណៈក្តីរំពឹងនឹងអាចឈានដល់ជាង ៣០០០នាក់ រហូតដល់ ថ្ងៃបិទបញ្ជីនៃការចុះឈ្មោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ NOCC នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ដែលមានវិញ្ញាសាគោលចម្ងាយ ៤២គីឡូម៉ែត្រមានគោលដៅចម្បងស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យមកទស្សនាតំបន់អង្គរ ដោយសារខែសីហានេះជារដូវភ្ញៀង ដូច្នេះភ្ញៀវទេសចរមានការធ្លាក់ចុះ។
អគ្គលេខាធិការ NOCC បន្ថែមថា ការរត់ប្រណាំងអន្តរជាតិ នៅលើទឹកដីអង្គរ ខេត្តសៀមរាប មានគោលបំណង ចម្បង ដើម្បីជំរុញដល់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន ជប៉ុន ម៉ាឡេស៊ីជាដើមមកទស្សនានៅទីនោះ ពីព្រោះអាជីវករលក់ដូរ និងសណ្ឋាគារមានផលលំបាក។ ដូច្នេះគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងគណៈកម្មការរៀបចំរត់ម៉ារ៉ាតុងរៀបចំខែសីហា ក្នុងការជួយពួកគាត់តែម្តង។ សម្រាប់ការចុះឈ្មោះ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរឆ្នាំ២០២៤ មកដល់ថ្ងៃនេះ កីឡាករ កីឡាការិនីមកចិនមានធ្លាក់ចុះ ដូច្នេះការរត់ឆ្នាំនេះអ្នកចូលរួមរត់ច្រើនជាងគេឈរនៅលំដាប់ទី១ គឺជប៉ុន បន្ទាប់មកលេខ២ ចិន និងលេខ៣ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ដើម្បីស្ដារមុខមាត់ឡើងវិស័យទេសចរណ៍ខេត្តសៀមរាបដល់ប្រជាជន ដែលប្រកបមុខរកស៊ីនៅខេត្តនេះ ហើយក៏ស្វែងរកមូលនិធី មនុស្សធម៌ មិនមែនធ្វើអាជីវកម្មឡើយ ព្រោះថវិការកបានទិវាប្រណាំងអន្តរជាតិមួយនេះ ជារៀងរាល់ឆ្នាំតែងតែយកទៅធ្វើមនុស្សធម៌ដល់មន្ទីរពេទ្យគន្ធបុប្ជា។
ជាមួយគ្នានេះ លោក សែម ផល្លា នាយកចាត់ការទូទៅទិវាម៉ារ៉ាតុងក៏បានអំពាវនាវដល់មហាជនខ្មែរ និងជនបរទេសនានាសូមចូលរួមចុះឈ្មោះចូលរួមរត់ប្រណាំងឱ្យបានច្រើនកុះករ។ ទិវានេះមានវិញ្ញាសារត់ម៉ារ៉ាតុង ចម្ងាយ ៤២ គីឡូម៉ែត្រ (Full Marathon), ២១ គីឡូម៉ែត្រ (Half Marathon), ១០គីឡូម៉ែត្រ និងរត់ចម្ងាយ ៣គីឡូម៉ែត្រសម្រាប់ការកម្សាន្តសប្បាយលក្ខណៈក្រុមគ្រួសារនិងក្រុមក្មេងៗ។ លោក សែម ផល្លា គូសបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិ ចក្រភពអង្គរ នេះ គឺគណៈកម្មការរៀបចំតែងជំរុញដល់ការរៀបចំឱ្យកាន់តែមានគុណភាពពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសលើការថែរក្សាលើសុខសុវត្ថិភាពជូនអ្នកអត់ទាំងអស់ ដើម្បីទាក់ទាញអ្នករត់ជាតិ និងអន្តរជាតិចូលរួមឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ពីព្រោះនេះជាទិវារត់ប្រណាំងអន្តរជាតិ ដើម្បីកិត្តិយសសង្គមជាតិរបស់យើងផង តាមរយៈព្រឹត្តិការណ៍កីឡានេះ ៕
អត្ថបទ ៖ លោក ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត