តាក់ស៊ីហោះចិនទទួលបានអាជ្ញាប័ណ្ណដំបូងគេលើពិភពលោក
រីយ៉ាដ៖ តាក់ស៊ីហោះមានកៅអីអង្គុយចំនួនពីរធុន EH216-S ដែលផលិតឡើងដោយក្រុមហ៊ុនចិន EHang បានក្លាយជាតាក់ស៊ីហោះដំបូងគេបង្អស់របស់ពិភពលោក ដែលទទួលបានអាជ្ញាប័ណ្ណដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិល។
តាក់ស៊ីហោះធុន EH216-S របស់ចិន បានសាកល្បងផ្តល់សេវាកម្មផ្លូវអាកាសបើកបរដោយខ្លួនឯងជាលើកដំបូងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីពេលថ្មៗ ដែលនេះជាកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់យកទីផ្សារតាក់ស៊ីហោះអគ្គិសនី (eVTOL) នៅអារ៉ាប៊ីសាអូឌីត។
ក្រៅពីតាក់ស៊ីហោះធុន EH216-S នេះ ក្រុមហ៊ុនចិន EHang ក៏បានផលិតតាក់ស៊ីហោះចំនួនពីរម៉ូដែលផ្សេងទៀតផងដែរ ក្នុងនោះរួមមានតាក់ស៊ីហោះធុន EH216-F ប្រើសម្រាប់ការពន្លត់អគ្គីភ័យក្នុងអាគារខ្ពស់ៗ និងធុន EH216-L ប្រើសម្រាប់ការដឹកជញ្ជូនតាមអាកាស។
តាក់ស៊ីហោះធុន EH216-S បានទទួលវិញ្ញាបនប័ត្រពីប្រទេសចិនក្នុងខែតុលា ឆ្នាំ២០២៣ និងការយល់ព្រមសម្រាប់ការផលិតជាស៊េរី ក្នុងខែមេសា ឆ្នាំ ២០២៤ ដែលធ្វើឱ្យវាក្លាយជាតាក់ស៊ីហោះដំបូងគេ ទទួលបានវិញ្ញាបនបត្រប្រភេទទីមួយ សម្រាប់យានជំនិះ (eVTOL) គ្មានមនុស្សបើកក្នុងប្រវត្តិសាស្ត្រ។ វិញ្ញាបនបត្រប្រភេទនេះ អនុញ្ញាតឱ្យប្រតិបត្តិករអាចធ្វើប្រតិបត្តិការយានជំនិះគ្មានមនុស្សបើក ariel (UAV) សម្រាប់ដឹកអ្នកដំណើរបែបពាណិជ្ជកម្ម។
សូមបញ្ជាក់ថា តាក់ស៊ីហោះ eVTOL របស់ Ehang អាចដឹកជញ្ជូនមនុស្សបានពីរនាក់ និងមានសមត្ថភាពដឹកទំនិញក្នុងទម្ងន់អតិបរមា ២២០គីឡូក្រាម។ តាក់ស៊ីហោះនេះ មានទំហំតូចល្មម មានកម្ពស់ ១.៨៥ម៉ែត្រ និងទទឹង ៥.៦៣ម៉ែត្រ ហើយអាចហោះហើរបានចម្ងាយប្រហែល ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
តាក់ស៊ីហោះធុន EH216-S ពឹងផ្អែកលើប្រព័ន្ធបញ្ជា និងគ្រប់គ្រងដ៏ទំនើបរបស់ Ehang ដើម្បីអាចហោះហើរដោយគ្មានមនុស្សបើក។ បើតាមប្រភពពីគេហទំព័រ asianaviation តាក់ស៊ីហោះធុន EH216-S មានតម្លៃប្រមាណ ៤១០,០០០ដុល្លារក្នុងមួយគ្រឿង ដែលចាប់ផ្តើមទទួលការបញ្ជាទិញកាលពីខែមេសា ឆ្នាំ២០២៤៕
ប្រភព៖ interestingengineering ប្រែសម្រួលដោយ៖ ឈឹម ទីណា