រាជរដ្ឋាភិបាលកម្ពុជាសម្រេចចូលរួមជាមួយបារាំងក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួមស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះ​ការ​ស្រឡាញ់ភេទដូចគ្នា

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលរួមជាមួយ​ប្រទេសបារាំង ក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួមស្តីពី ការឈប់ដាក់​ទោសទណ្ឌជាសកលចំពោះការស្រឡាញ់​ភេទដូចគ្នា ដែលនឹងត្រូវថ្លែងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម័យ​ប្រជុំលើកទី៥៦ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។នេះបើយោងតាមសេចក្តី
ប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថាសេចក្តីថ្លែងការណ៍រួមស្តីពីការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទ​ដូចគ្នា​ផ្តួចផ្តើមដោយលោក Jean-Marc Berthon ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដោយបានស្នើសុំឱ្យកម្ពុជាចូលរួមក្នុងសេចក្តីថ្លែងការណ៍នេះ តាមរយៈកិច្ចជំនួបចំនួនពីរលើករវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក Jean-Marc Berthon និងកិច្ចជំនួបជាមួយលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណា​ចក្រកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមចូលរួមអបអរសាទរ​ចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា នៅទូទាំងប្រទេស​កម្ពុជា និង​សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែមានសេចក្តីមេត្តា ករុណា និងការសន្តោសប្រណី ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងតែងតែរម្លឹកដាស់តឿនកុំឱ្យ​មានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាជាពិសេសបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពុំមានការដាក់​ទោសទណ្ឌ​​លើការស្រឡាញ់ភេទដូចគ្នាឡើយ។

គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាបានបញ្ជាក់ថា ការចូលរួម​របស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំងលើ​សេចក្តីថ្លែង​ការណ៍​រួមនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិ មនុស្ស និងសិទ្ធិអ្នកស្រឡាញ់ភេទដូច​គ្នាទាំងក្នុងប្រទេស ក៏ដូចជានៅលើសកលលោក។ ទន្ទឹមនេះការចូលរួម គាំទ្រសេចក្តី​ថ្លែងការណ៍​រួមនេះបានបង្ហាញថាប្រទេសកម្ពុជាគឺជាសង្គមមួយដែលមនុស្សគ្រប់រូបអាចរួមរស់ នៅជាមួយគ្នាប្រកបដោយភាព​សុខដុមរមនា គ្មានការរើសអើង នៅក្រោមម្លប់នៃសន្តិភាពនិងការអភិវឌ្ឍ៕
ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner