បណ្តុំអង្គការសង្គមស៊ីវិល៖ សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំខ្លាំងជាងគេនៅក្នុងដំណើរប្រវត្តិសាស្ត្រកម្ពុជា

ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិល បានឱ្យដឹងថា ក្នុងនាមជាកុលបុត្រ កុលធីខ្មែរ ក៏ដូចជាយុវជន និស្សិតបញ្ញវន្តខ្មែរ ដែលបានកើតទាន់សម័យបច្ចុប្បន្ននេះ ពិតណាស់ គឺបានឃើញ បានយល់អំពីពាក្យថា សន្តិភាព និងការអភិវឌ្ឍ ហើយមិនអាចកែខៃប្រវត្តិសាស្រ្តបានទេ គឺគុណូបករៈមហាធំធេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់តែជាសត្យានុភាពបន្ថែមទៀតនោះ ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧។

បណ្តុំអង្គការសង្គមស៊ីវិលបានរម្លឹកថា កាលពី៤៧ឆ្នាំមុន នៅលើទឹកដីជាយដែននៃកម្ពុជា មានយុវជនខ្មែរមួយរូបទើបតែអាយុ២៥ឆ្នាំ បានសម្រេចចិត្តប្រកបដោយការលះបង់ខ្ពស់បំផុតជាមួយយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ៤រូបផ្សេងទៀត ដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរ ក្នុងទឹកដីនៃតំបន់ x-១៦ ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលជាការចាប់ផ្តើមបេសកកម្មដាក់ជីវិតផ្ទាល់ខ្លួនធ្វើជាដើមទុន ដើម្បីប្តូរយកជីវិតខ្មែរមួយនគរដែលកំពុងឈរនៅពីមុខជ្រោះមរណៈ និងកំពុងបួងសួងរកអ្នកជួយសង្គ្រោះ។

ពិតណាស់គឺ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គពិតក្នុងបេសកកម្ម «សំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់» នេះ។ នៅម្ខាង គឺជាវាលពិឃាដនៃរបបប្រល័យពូជសាសន៍ដែលកាប់សម្លាប់មនុស្សគ្មានត្រាប្រណី រីឯនៅម្ខាងទៀត គឺជាព្រំដែនប្រទេសជិតខាងដែលកងទ័ពខ្មែរក្រហមធ្លាប់បើកការវាយប្រហារជារឿយៗ។ ស្ថានភាពនេះ មិនខុសពី «ចុះទឹកក្រពើឡើងលើខ្លា» នោះឡើយ។ ប៉ុន្តែដោយអំណាចនៃទឹកចិត្តស្នេហាជាតិដ៏មោះមុត កុលបុត្រខ្មែរដ៏ឆ្នើមរូបនេះ មិនញញើតឡើយក្នុងការប្រថុយជីវិតដើម្បីបុព្វហេតុរំដោះជាតិពីក្រញាំបិសាចអាវខ្មៅ។

បណ្តុំអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំខ្លាំងជាងគេនៅក្នុងដំណើរប្រវត្តិសាស្ត្រកម្ពុជា ជាង៥០០ឆ្នាំមកនេះ។ សករាជតេជោ គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំមិនអាចភ្លេចបាននោះទេ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គបញ្ចប់សង្រ្គាម ក៏ជាបិតាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។យើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ចនូវគុណូបការៈ ដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមជាច្រើនដែលឥតគណនាបាន ពិសេសសម្តេចបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រកបដោយគត្តិបណ្ឌិត ដើម្បីប្តូរជូនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិទាំងមូល និងបន្តធានាបាននូវស្ថិរភាពជារៀងដរាប៕
ដោយ៖ពលជ័យ

ads banner