មេដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ កោតសសើរពីគំរូវីរភាពសម្តេចតេជោហ៊ុន សែន ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
ភ្នំពេញ៖ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានមានប្រសាសន៍ថា ថ្ងៃទី២០ មិថុនា ១៩៧៧ និង ២០ មិថុនា ២០២៤ គឺជាខួបទី៤៧ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសមមិត្តទាំង៤រូប បានតស៊ូក្នុងការដណ្តើមយកអធិបតេយ្យមកកាន់ដឹកនាំ ក៏ដូចជាដឹកនាំ គឺជាគំរូវីរភាពដ៏ថ្លៃថ្លាដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាន។ អ្វីៗដែលបានអភិវឌ្ឍន៍នៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺបានកើតចេញពីថ្ងៃទី២០ មិថុនា ១៩៧៧ ដែលយើងទាំងអស់គ្នាជាកូនខ្មែរ ជាពលរដ្ឋខ្មែរ ត្រូវតែចងចាំជាដាច់ខាត។ បើគ្មានថ្ងៃនោះទេ ក៏គ្មានការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះដែរ ហើយក៏គ្មានក្រុមប្រឆាំងផ្កាប់មុខមានឱកាសមករិះគន់ជាន់ពន្លិចកម្ពុជា និងថ្នាក់ដឹកនាំមកដល់បច្ចុប្បន្ននេះដែរ។
ឯកឧត្តមបានបន្តថា “សូមឱ្យអ្នកដែលប្រឆាំងផ្កាប់មុខ និងអ្នកដែលងប់ងុលនឹងមេក្បត់ជាតិ ៣ជំនាន់ នៅក្រៅប្រទេសល្មមភ្ញាក់ដឹងខ្លួនហើយតាមដានប្រវត្តិសាស្ត្រកម្ពុជាឱ្យបានច្បាស់លាស់ ឱ្យចេះដឹងគុណ និងត្រូវចេះដឹងថា សន្តិភាពនាពេលច្ចុប្បន្ននេះ បានមកពីការលះបង់ពីការតស៊ូរបស់សម្តេចតេជោ និងសមមិត្តទាំង៤រូប។ បើគ្មានការតស៊ូ និងសមមិត្តទាំង៤រូប ក៏គ្មានក្រុមប្រឆាំងផ្កាប់មុខមកឈរតិះដៀលដល់ថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ននេះដែរ។ ល្មមដឹងខ្លួនខ្លះទៅ កុំគិតថាខ្លួនឯងចេះខ្លួនឯងអស្ចារ្យនោះ។ យមកដល់បច្ចុប្បន្ននេះ សឹងតែរលាយអស់ទៅហើយគណបក្សរបស់អស់លោក ក៏ដូចជាអ្នកគាំទ្រនោះ ពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃគេបានដឹងខ្លួនគេបាននាំគ្នាចូលមករួមរស់ជាមួយគណបក្សកាន់អំណាច។”
ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានបញ្ជាក់ថា បើគ្មានការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងការចូលរួមពីសមមិត្តទាំង៤រូប ក៏ដូចជាធនធានកម្ពុជាដែលបានកើតឡើងជាបន្តបន្ទាប់មកទល់បច្ចុប្បន្ននេះ ក៏គ្មានសន្តិភាពជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្នដែរ ទាំងវិស័យអប់រំ សុខាភិបាល ការបរទេស អភិវឌ្ឍន៍ គ្រប់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបានកើតឡើងជាហូរហែបន្តបន្ទាប់មកទល់បច្ចុប្បន្ននេះ។
ឯកឧត្តម អ៊ុន វិសិទ្ធគុន បានបន្តទៀតថា គំរូវីរភាពដ៏អង់អាចរបស់សម្តេចតេជោ ព្រមទាំងយុទ្ធមិត្តទាំង៤រូប គឺធ្វើឱ្យអ្នកនយោបាយទាំងអស់ត្រូវតែចងចាំ និងទទយលស្គាល់ការពិតដើម្បីចូលរួមកសាងប្រទេសជាតិឱ្យរីកចម្រើន។ មិនតែបង្កើតគណបក្សមកដើម្បីតែប្រឆាំងរិះគន់ជាន់ពន្លិចទេ។
សូមជម្រាបថា ទីតាំងកោះថ្ម ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃដំណើរឆ្ពោះទៅរកការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយឧបត្ថម្ភក្នុងការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត៕
ដោយ៖ពលជ័យ