សម្តេចធិបតីរំលឹកទិវាប្រវត្តិសាស្ត្រ ២០មិថុនា១៩៧៧ (Video Inside)

សម្តេចធិបតីបានអំពាវនាវពលរដ្ឋចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដែលប្រសាសន៍នេះ បានធ្វើឡើងនៅចំថ្ងៃខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពត ២០ មិថុនា ១៩៧៧ – ២០មិថុនា២០២៤។

កម្ពុជាបានបាត់សន្តិភាពក្រោយរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលអតីតរបបសាធារណរដ្ឋខ្មែរ បានផ្តួលរំលំរបបសង្គមរាស្ត្រនិយម ដឹកនាំដោយសម្តេចព្រះនរោត្តមសីហនុនាជំនាន់នោះ។ ការបាត់បង់សន្តិភាពនោះហើយ បាននាំឱ្យកម្ពុជាបានធ្លាក់ចូលក្នុងរណ្តៅរបបនរកអវចីប៉ុលពត រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ។ សម្តេចធិបតីនៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤ បានអំពាវនាវពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសន្តិភាព កុំឱ្យបាត់បង់ដូចពីអតីតកាល។

ប្រទេសកម្ពុជាកាលពី៤៧ឆ្នាំមុននោះ បានស្ថិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលជារបបបំផ្លាញជាតិសាសន៍ និងសម្លាប់ពលរដ្ឋខ្មែរខ្លួនឯង ដោយសារតែភាពល្ងង់ខ្លៅ របស់មេដឹកនាំនាជំនាន់នោះ។

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០មិថុនាឆ្នាំ១៩៧៧ បានចាកចោលភរិយាជាទីស្រឡាញ់ ដែលកំពុងពរពោះក្នុងផ្ទៃ៥ខែ ធ្វើដំណើរកាត់ព្រៃឆ្លងកាត់ព្រំដែន ចូលមកកសាងកម្លាំងរំដោះជាតិ ក្នុងទឹកដីវៀតណាម។

តំបន់X16 ក្នុងឃុំទន្លូង, ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលសម្តេចធិបតីបានថ្លែងសុន្ទរកថា នៅថ្ងៃទី២០មិថុនា គឺជាអតីតទីកន្លែងប្រវត្តិសាស្ត្រ ដែលសម្តេចតេជោ បានធ្វើដំណើរឆ្លងកាត់ទឹកដីកម្ពុជា ចូលក្នុងទឹកដីវៀតណាម ដើម្បីកសាងកម្លាំងផ្តួលរំលំរបបកាប់សម្លាប់ខ្មែរក្រហម។

ផ្ដើមពីចលនាតស៊ូទាំងនេះហើយ, រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានាថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ត្រូវបានបង្កើតឡើងដោយសហការជាមួយនឹងកងទ័ពស្ម័គ្រចិត្តវៀតណាម វាយបណ្តេញរបបប៉ុលពតចេញពីអំណាច។ ទូរទស្សនិកជន សូមទស្សនាអត្ថបទវិចារណកថា របស់អប្សរាណិត ដែលរៀបរាប់អំពីប្រវត្តិសាស្ត្រពាក់ព័ន្ធកាលពី៤៧ឆ្នាំមុន

ads banner