Rolls-Royce ផលិតម៉ាស៊ីនរថក្រោះ Hybrid
បរទេស៖ ក្រុមហ៊ុនអង់គ្លេស Rolls-Royce បានផលិតម៉ាស៊ីនរថក្រោះ Hybrid ទំនើបដែលប្រើម៉ាស៊ូតលាយនឹងថាមពលអគ្គិសនី។ នេះបើតាមគេហទំព័រ UK Defence Journal នាពេលថ្មីៗនេះ។
ក្រុមហ៊ុននេះប្រើ ម៉ាស៊ីន ស៊េរី MTU 199 ដែលរួមបញ្ចូលរវាងម៉ាស៊ីនម៉ាស៊ូត 10-cylinder និងអាគុយ ១១០០គីឡូវ៉ាត់ម៉ោង ដែលមានទម្ងន់រហូតដល់ ៧០តោន។
ក្រុមហ៊ុនអះអាងថា ម៉ាស៊ីននេះអាចផ្លាស់ប្តូរពីម៉ាស៊ូតទៅថាមពលអគ្គិសនីដោយស្វ័យប្រវត្តិ ហើយក៏មានប្រព័ន្ធកាត់បន្ថយកំដៅម៉ាស៊ីនផងដែរ។ Rolls-Royce ក៏កំពុងអភិវឌ្ឍឧបករណ៍កាត់បន្ថយសំលេងរំខានផងដែរ។
ម៉ាស៊ីនរថក្រោះនេះ ត្រូវបានបង្ហាញខ្លួន ជាលើកដំបូង នៅឯពិព័រណ៍ពាណិជ្ជកម្មការពារជាតិ Eurosatory នៅទីក្រុងប៉ារីស នាសប្តាហ៍នេះ ។
លោក Jörg Stratmann នាយកប្រតិបត្តិនៃក្រុមហ៊ុន Rolls-Royce Power Systems បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយ NATO ដើម្បីពង្រឹងកិច្ចការពារជាតិ តាមរយៈការផ្គត់ផ្គង់នូវបច្ចេកវិទ្យាទំនើប។
លោក Knut Muller អនុប្រធានជាន់ខ្ពស់អាជីវកម្ម បានកត់សម្គាល់ថា
នាពេលអនាគត យានជំនិះយោធាទាំងអស់ នឹងត្រូវការប្រភពថាមពលបន្ថែម រួមទាំង អគ្គិសនី និងថាមពលកកើតឡើងវិញផងដែរ។ នេះបើតាម UK Defence Journal៕
ប្រែសម្រួល៖ សារ៉ាត