ជនរងគ្រោះធ្លាក់យន្តហោះ Boeing ទារសំណង ២៥ពាន់លានដុល្លារ
បរទេស៖ ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Boeing 737 MAX ក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ បានទាមទារឲ្យក្រុមហ៊ុនផលិតយន្តហោះអាមេរិកមួយនេះ ផ្តល់សំណង ជិត២៥ពាន់លានដុល្លារអាមេរិក។
ពួកគេបានស្នើសុំបែបនេះ កាលពីថ្ងៃពុធ ខណៈដែលសហរដ្ឋអាមេរិកកំពុងបន្តការកាត់ទោសព្រហ្មទណ្ឌចំពោះមន្ត្រីសាជីវកម្ម លើការធ្លាក់យន្តហោះ ទាំងពីរករណី។
លោក Paul Cassell មេធាវីតំណាងក្រុមគ្រួសារជនរងគ្រោះ បានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រសួងយុត្តិធម៌អាមេរិកថា «ដោយសារតែឧក្រិដ្ឋកម្មរបស់ក្រុមហ៊ុន Boeing គឺជាឧក្រិដ្ឋកម្មសាជីវកម្មដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ការផាកពិន័យកម្រិតនេះ មានភាពយុត្តិធម៌ និងសមរម្យយ៉ាងច្បាស់»។
គួររម្លឹកថា មនុស្សសរុបចំនួន ៣៤៦នាក់បានស្លាប់ ក្នុងករណីធ្លាក់យន្តហោះ ទាំងពីរលើក ក្នុងនោះ មួយករណីកើតឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយហេតុការណ៍មួយទៀត កើតឡើង នៅប្រទេស អេត្យូពី។ ក្រុមហ៊ុន Boeing កំពុងប្រឈមមុខនឹងការត្រួតពិនិត្យ កាន់តែខ្លាំងឡើង បន្ទាប់ពីមានបញ្ហាផលិតកម្ម និងសុវត្ថិភាព នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រហូតមកដល់ឆ្នាំ២០២៤នេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត