រដ្ឋបាលខេត្តរតនគិរីបើកកិច្ចប្រជុំដើម្បីរៀបចំ និងចងក្រងសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល
រតនគិរី៖ កិច្ចប្រជុំសាលប្រជុំសាលាខេត្តលោក មួង ប៉ាង អភិបាលរងខេត្ត និងលោកស្រី ចក់ មើល សមាជិកក្រុមប្រឹក្សាខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំវិភាគស្ថានភាពខេត្តដើម្បីរៀបចំនិងចងក្រងសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧)របស់រដ្ឋបាលខេត្តរតនគិរី ។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា កិច្ចប្រជុំពិតជាមានសារៈសំខាន់សម្រាប់គ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់យោបល់ពិនិត្យ ពិភាក្សាទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍ ដែលជាស្នូលនៃផែនការអភិវឌ្ឍន៍ហើយជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់រៀបចំសេចក្តីព្រាងចក្ខុវិស័យ ។
លោកអភិបាលរងខេត្តបានស្នើឱ្យលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជននិងអ្នកពាក់ព័ន្ធផ្សេងៗទៀតយកចិត្តទុកដាក់ពិនិត្យលើខ្លឹមសារឱ្យបានគ្រប់ជ្រុងជ្រោយពិភាក្សាផ្តល់យោបល់ឱ្យបានទូលំទូលាយនិងហ្មត់ចត់បំផុតទៅលើសេចក្តីព្រាងចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រប់ផ្នែកទាំង៤ រួមមាន ផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច ផ្នែកធនធានធម្មជាតិនិងបរិស្ថាន ផ្នែករដ្ឋបាលសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងក្របខ័ណ្ឌអភិវឌ្ឍន៍ កម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន និងឯកសារផ្សេងៗទៀត អំពីនិតិវិធី វិធីសាស្ត្រ និងបច្ចេកទេស៕
ដោយ៖ គតិ យុត្ត