ឯកឧត្តម ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលបានកំណត់​ស្នូលនៃយុទ្ធ​សាស្ត្របញ្ចកោណពីការធ្វើទំនើបកម្មនៃស្ថាប័នរដ្ឋឱ្យក្លាយទៅជាស្ថាប័នសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្លាំង បម្រើប្រជាជនឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា​ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណពីការធ្វើទំនើបកម្មនៃស្ថាប័នរដ្ឋឱ្យក្លាយទៅជាស្ថាប័នសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ បម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែល្អប្រសើរ។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានដាក់ចេញនៅវិធានការគន្លឹះសំខាន់ៗ ទៅតាមវិស័យអាទិភាព និងរៀបចំបង្កើតនៅយន្តការអភិវឌ្ឍន៍ដើម្បីដោះស្រាយបញ្ហាប្រឈម និងការធានាប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការឆ្លើយតបទាន់ពេលវេលា ដែលនិងគោលដៅអាទិភាពរបស់​រាជរដ្ឋាភិបាល។ ក្នុងស្មារតីនេះ​ រាជរដ្ឋាភិបាលបានបង្កើតគណៈ​កម្មាធិការជាតិជម្រុញការអភិវឌ្ឍវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ជាក់នេះ ក្នុងសិក្ខាសាលាស្តីពី «ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន » នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៤។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍បន្តថា ជាក់ស្តែងនៅក្នុងកិច្ចប្រជុំលើកទី២ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានជំរុញឱ្យបានការរៀបច ​និងអនុវត្តការពិនិត្យឡើងវិញនៃរចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ក្រសួងស្ថាប័នត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ​ ក្រសួងស្ថាប័នមិនត្រូវបានអនុញ្ញាតឱ្យធ្វើការជ្រើសរើសមន្ត្រីរាជការឡើយក្នុងករណីមិនបានអនុវត្តការពិនិត្យឡើងវិញនៅរចនាសម្ព័ន្ធនិងការវិភាគ។ ឈរលើស្មារតីភាពភាពជាម្ចាស់បុរេសកម្មការទទួលខុសត្រូវខ្ពស់​តាមបន្ទាត់គណនេយ្យភាព និងអនុវត្តតាមអនុសាសន៍របស់សម្តេច​មហាបវរធិបតី គឺការពង្រឹងនិងការរៀបចំផ្ទះឱ្យបានល្អប្រសើរ ក្រសួងស្ថាប័នបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកែទម្រង់រដ្ឋបាលសាធារណៈ។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័នមានគោលបំណងលើកកម្ពស់ដំណើរការនៅក្រសួងស្ថាប័នឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួនឱ្យបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី

ads banner