ធនាគារជាតិនៃកម្ពុជាបានចាប់ដៃគូសហការជាមួយ មន្ទីរពេទ្យ អ៉ីនធ័រឃែរ ដើម្បីពង្រឹងការថែទាំសុខភាពរបស់មន្រ្តី បុគ្គលិក ព្រមទាំងក្រុមគ្រួសារ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមន្ទីរពេទ្យ អ៉ីនធ័រឃែរ ក្នុងគោលបំណងពង្រឹងសុខភាព និងសុខុមាលភាពរបស់មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះត្រូវបានប្រារព្ធឡើង ក្រោមវត្តមានរបស់ឯកឧត្តម គ្រុយ វាសនា អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា និងលោក Jason Harrison សហស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅនៃមន្ទីរពេទ្យ អ៉ីនធ័រឃែរ ព្រមទាំងវត្តមានកិត្តិយសពី លោកស្រីវេជ្ជបណ្ឌិត Carolyne Pung សហស្ថាបនិក និងជានាយកប្រតិបត្តិនៃមន្ទីរពេទ្យ អ៉ីនធ័រឃែរ ក៏ដូចជាថ្នាក់ដឹកនាំនិងមន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា។


តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មន្ទីរពេទ្យ អ៉ីនធ័រឃែរ នឹងផ្តល់ជូននូវជំនួយផ្នែកវេជ្ជសាស្រ្ត ដោយផ្តល់ជាការបញ្ចុះតម្លៃពិសេស ជូនដល់មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារ។ ភាពជាដៃគូយុទ្ធសាស្ត្រនេះនឹងធានាឲ្យបានថា មន្រ្តីបុគ្គលិកធនាគារជាតិនៃកម្ពុជា និងក្រុមគ្រួសារ ទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ ដែលជាការជំរុញឱ្យបរិយាកាសការងារកាន់តែមានភាពល្អប្រសើរ និងបង្កើនផលិតភាពការងារ។

កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ក៏នឹងជួយសម្រួលដល់គំនិតផ្ដួចផ្ដើមសហការ ក្នុងការរៀបចំសិក្ខាសាលាទាក់ទងនឹងសុខភាព សម្រាប់ធនាគារជាតិនៃកម្ពុជា។ លើសពីនេះ មន្ទីរពេទ្យ អ៉ីនធ័រឃែរ មានបំណងជំរុញកិច្ចសហការក្នុងគម្រោងទំនួលខុសត្រូវសង្គមសាជីវកម្ម ដោយរួមបញ្ចូលសកម្មភាពសប្បុរសធម៌ និងកម្មវិធីស្ម័គ្រចិត្តរបស់មន្រ្តីបុគ្គលិក។
តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មន្ទីរពេទ្យ អ៉ីនធ័រឃែរ និងធនាគារជាតិនៃកម្ពុជា មានទំនុកចិត្តក្នុងការលើកកម្ពស់សុខភាព និងការចូលរួមបង្កើនផលិតភាពការងារ។

តាមរយៈការផ្តល់នូវអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពដ៏ទូលំទូលាយ និងគំនិតផ្តួចផ្តើមការលើកកម្ពស់សុខុមាលភាព យើងមានបំណងបង្កើនកម្រិតផលិតភាពការងារ ដោយការពេញចិត្តលើការថែទាំសុខភាពដល់មន្រី្តបុគ្គលិកគ្រប់រូប។ បន្ថែមពីនេះ ក្រោមកិច្ចសហការនេះ ពួកយើងរំពឹងថា នឹងធ្វើឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមានជាច្រើនដល់សហគមន៍កាន់តែទូលំទូលាយ តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមទាក់ទងនឹងសុខភាព និងសង្គមផ្សេងៗ។ មន្ទីរពេទ្យ អ៉ីនធ័រឃែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តអូឡាំព្យា។

មន្ទីរពេទ្យមានការផ្តល់ជូននូវសេវាថែទាំសុខភាពដ៏ទូលំទូលាយ ដែលផ្តោត ទៅលើការថែទាំបែបវេជ្ជសាស្រ្តជាមួយនឹងភាពងាយស្រួល។ មន្ទីរពេទ្យ អ៉ីនធ័រឃែរ ប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មវេជ្ជសាស្ត្រដោយការគោរព និងសមភាព ដោយធានាថាអ្នកជំងឺគ្រប់រូបនឹងទទួលបានការថែទាំយ៉ាងដិតដល់ប្រកបដោយវិជ្ជាជីវៈខ្ពស់។ កិច្ចសហការនេះសង្កត់ធ្ងន់លើការទទួលបាននូវការថែទាំសុខភាពប្រកបដោយស្តង់ដារខ្ពស់ បែបអន្តរជាតិនៅក្នុងប្រទេសកម្ពុជា និងបង្ហាញពីការអភិវឌ្ឍនៃសេវាថែទាំសុខភាពក្នុងប្រទេស ដើម្បីកាត់បន្ថយការទៅទទួលការថែទាំសុខភាពនៅក្រៅប្រទេស៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner