គ្រប់ក្រសួងស្ថាប័ន កំពុងបញ្ជ្រាបផែនការយុទ្ធសាស្ត្រានារីរតនៈទី៦ ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងតម្លៃរបស់ស្ត្រី

(ភ្នំពេញ)៖ ក្នុងពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ឆ្នាំ២០២៤-២០២៨ និងអនុសញ្ញាស្តីពី ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (អនុសញ្ញាស៊ី-ដ CEDAW) នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ វង់ មយូរ៉ា រដ្ឋលេខាធិការក្រសួងអធិការកិច្ច ទទួលបន្ទុកការងារបញ្ជ្រាបយេនឌ័រ មានប្រសាសន៍ថា ផែនការយុទ្ធសាស្ត្រទី៦នេះ ផ្ដោតទៅលើការជំរុញ ការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយ នៅតាមក្រសួងស្ថាប័ននានារបស់រដ្ឋ បាននិងកំពុងបញ្រ្ជាបផែនការយុទ្ធសាស្ត្រ នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញដោយក្រសួងកិច្ចការនារី ដើម្បីជាការលើកស្ទួយដល់សេដ្ឋកិច្ច និងគុណតម្លៃរបស់ស្ត្រី រួមទាំងការផ្ដល់នូវសិទ្ធិផ្សេងៗ ដូចបុរសផងដែរ ដែលមានកម្មវិធីពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សុខមាលភាព កិច្ចការផ្លូវច្បាប់ អភិបាលកិច្ច ការប្រែប្រួលធាតុអាកាស និងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារ ។

លោកជំទាវបន្តថា កម្មវិធីអាទិភាពទាំងអស់នេះ នឹងទ្រទ្រង់ដោយកម្មវិធីពង្រឹងប្រសិទ្ធភាព និងអភិវឌ្ឍន៍សមិទ្ធកម្មស្ថាប័ន ព្រមទាំងការធ្វើទំនើបកម្មឌីជីថល ដែលជាកត្តាចាំបាច់ ឆ្ពោះទៅសម្រេចការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ដែលត្រូវនឹងបេសកកម្ម ភារកិច្ចទទួលផលប្រយោជន៍ពីសិទ្ធិមនុស្ស និងសេរីភាព នៅលើមូលដ្ឋានសមភាពជាមួយបុរស ។

លោកស្រី សេងផល ដាវីន អគ្គនាយករង អគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច លើកឡើងថា ក្របខ័ណ្ឌបញ្ជ្រាបយេនឌ័រ គឺការធ្វើបរិវត្តកម្មយេនឌ័រក្នុងក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងកម្មវិធីជាតិ និងផ្នត់គំនិតសង្គម ដែលក្នុងនោះពង្រឹងកម្មវិធីសិក្សាស្រាវជ្រាវ និងការវិភាគអំពីស្ថានការណ៍នៅតាមវិស័យ ហើយពង្រឹង និងពង្រីកវិសាលភាពបញ្ជ្រាបយេនឌ័រតាមវិស័យ មានសេដ្ឋកិច្ច អប់រំ ឌីជីថល សុខមាលភាពសង្គម អភិបាលកិច្ច ។

លោកស្រីបានបន្តថា ត្រូវរៀបចំ និងអនុវត្តកម្មវិធី និងអភិក្រមក្នុងការធ្វើបរិវត្តកម្មយេនឌ័រ និងពង្រឹងយន្តការបញ្ជ្រាបយេនឌ័រ នៅតាមវិស័យ និងគ្រប់កម្រិត, គាំទ្រដល់ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការធ្វើស្ថាបនីយកម្មយេនឌ័រតាមវិស័យ រួមទាំងការអនុវត្តកម្មវិធីរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ, ពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃ លើការបញ្ជ្រាបយេនឌ័រតាមវិស័យ និងបង្កើនការយល់ដឹង និងការគាំទ្រជាសាធារណៈ លើសមភាពយេនឌ័រ ។

គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ក្នុងនោះយុទ្ធសាស្ត្រទី១. ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី, យុទ្ធសាស្ត្រទី២. ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារ, យុទ្ធសាស្ត្រទី៣. ការលើកកម្ពស់សុខមាលភាពរបស់ស្ត្រី និងក្មេងស្រី, យុទ្ធសាស្ត្រទី៤. កិច្ចការពារផ្លូវច្បាប់ សម្រាប់ស្ត្រី និងក្មេងស្រី, យុទ្ធសាស្ត្រទី៥. ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច និងយុទ្ធសាស្ត្រទី៦. ស្ត្រី និងការប្រែប្រួលអាកាសធាតុ ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner