ស្រូវ ១៥ហិកតា ក្នុងចំណោមដំណាំស្រូវជាង ៤០០ហិកតា ត្រូវបានសត្វ ដង្កូវហ្វូងស៊ីត្រួយស្ទើរទាំងស្រុង នៅខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ ដំណាំស្រូវប្រមាណជា ១៥ហិកតា ក្នុងចំណោមដំណាំស្រូវជាង ៤០០ហិកតា ត្រូវបានសត្វដង្កូវហ្វូងស៊ីត្រួយស្រូវស្ទើរអស់ទាំងស្រុង។ ប៉ុន្តែបន្ទាប់ពីបាញ់ថ្នាំកញ្ចាត់ដង្កូវ ដំណាំស្រូវ និងលូតលាស់ធម្មតា ដោយសារមានភ្លៀងធ្លាក់ជាបណ្តើរៗ។ នេះបើតាមការបញ្ជាក់ពីសំណាក់លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានពេលចុះពិនិត្យស្ថានភាពស្រូវ នៃការផ្ទុះរាលដាលដង្កូវហ្វូងស៊ីដំណាំស្រូវ និងនាំយកថ្នាំបាញ់សម្លាប់ដង្កូវ នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៤នេះ លោក គង់ គា បានឱ្យដឹងថា៖ ករណី នៃការផ្ទុះដង្កូវហ្វូងចង្រៃ រីករាលដាលស៊ីបំផ្លាញស្រូវរបស់ប្រជាកសិករនេះ លោក បានណែនាំទៅមន្ត្រីកសិកម្មប្រចាំខេត្តកំពង់ស្ពឺ ត្រូវសហការជាមួយ អាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃលើដំណាំស្រូវដែលដង្កូវហ្វូងស៊ីជាប្រចាំ ដើម្បីស្រង់ស្ថិតិ ឬទិន្នន័យ ដែលរងផលប៉ះពាល់បន្ថែមទៀត បញ្ជូនទៅក្រុមការងារជំនាញពិនិត្យ និងងាយស្រួលរកវិធីជួយដោះស្រាយបញ្ហាប្រឈមទាំងនោះ ជូនប្រជាកសិករនៅតំបន់នោះ។

អំឡុងពេលចុះពិនិត្យនោះ ក្រុមការងារជំនាញកសិកម្មបានយកថ្នាំបាញ់សម្លាប់ដង្កូវហ្វូងចំនួន ២ប្រភេទ ឈ្មោះ ថ្នាំពិឃាតដង្កូវ និងប្រេងបង្កើនប្រសិទ្ធភាព ជីថ្នាំកសិកម្មជូនប្រជាកសិករ ដើម្បីបាញ់សម្លាប់ដង្កូវហ្វូង នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ផងដែរ ។ ក្រៅពីនេះក៏បានណែនាំទៅប្រជាសហគមន៍ និងប្រជាកសិករ ប្រើថ្នាំបាញ់សម្លាប់ដង្កូវហ្វូងនៅពេលព្រឹក ពេលល្ងាច ឬពេលយប់ជាដើម ទើបសម្លាប់ដង្កូវនោះបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

សូមបញ្ជាក់ថាគិតមកដល់ពេលនេះបើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថាយ៉ាងហោចណាស់ស្រូវចំនួន ជាង១ម៉ឺនហិកតាក្នុងខេត្តជាង ១០ រួមមាន ៖ សៀមរាប កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង តាកែវ ប៉ៃលិន កំពង់ស្ពឹ និងខេត្តត្បូងឃ្មុំ។ ក្នុងនេះ ខេត្តដែលទទួលរងការបំផ្លាញធ្ងន់ធ្ងរ មានដូចជា ខេត្តតាកែវ កំពង់ធំ និងខេត្តប៉ៃលិន ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner