សហភាពសិទ្ធិកម្មករកម្ពុជា ដាក់លិខិតនៅក្រសួងមហាផ្ទៃរួចហើយ ដើម្បីស្នើឱ្យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) កែតម្រូវខ្លឹមសារ នៃរបាយការណ៍របស់ខ្លួនឡើងវិញ
(ភ្នំពេញ)៖ លោក គឹម ចាន់សំណាង ប្រធានសភាពសិទ្ធិកម្មករកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះថា សហភាពសិទ្ធិកម្មករកម្ពុជា-CCWR បានដឹកនាំ ថ្នាក់ដឹកនាំសហជីពតាមមូលដ្ឋានរោងចក្រ សហគ្រាស តំណាងឲ្យសមាជិក សមាជិកាជាកម្មករនិយោជិតជាង ៩ម៉ឺននាក់ ដាក់លិខិត នៅក្រសួងមហាផ្ទៃ ដើម្បីគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់”សង់ត្រាល់”ដែលធ្វើសកម្មភាពមិនស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែបរាជរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន និងបានចេញរបាយការណ៍កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីស្ថានភាពសេរីភាពសហជីព ដែលរបាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីការពិតនិងមិនមានមូលដ្ឋានច្បាស់លាស់ធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ស្ថេរភាពការងារនិងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល ។
លោក គឹម ចាន់សំណាង បញ្ជាក់ថា សង់ត្រាល់ បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជា នៅតែប្រឈមឧបសគ្គរារាំងហើយថា សង់ ត្រាល់ បានធ្វើការសម្ភាសដោយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោមសហជីពចំនួន ១៤នេះ មានសហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់ពួកគេ ហើយក៏បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករ-និយោជិត និងសហជីព។
លោក គឹម ចាន់សំណាងបញ្ជាក់ថា របាយការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងាររបស់កម្មករនិយោជិត និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល ដែលផ្ទុយទាំងស្រុងទៅនិងសភាពការណ៍ជាក់ស្តែង និងមិនរំលេចទាល់តែសោះ នូវសមិទ្ធផលវិជ្ជមានជាច្រើន ដែលជាវឌ្ឍនភាពលក្ខខណ្ឌការងាររួមរបស់កម្មករនិយោជិត និងសហជីពនៅកម្ពុជា ៕
ដោយ ង៉ាន់ ទិត្យ