សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគម​ឧកញ៉ា​កម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលនាំ​យកថវិកាសរុបចំនួន ១.៥៥៥.៥៥៥ ដុល្លារអាម៉េរិក មកជូនកាកបាទក្រហម​កម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ព្រមជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា បានប្រគល់ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវ «ពានមាសឧកញ៉ា» របស់សមាគម ដែលជាពានដ៏វិចិត្រ ល្អឯក និងមានអត្ថន័យយ៉ាងធំធេងសម្រាប់សមាគម សក្តិសមទៅនឹងបាវចនា សីលធម៌ មនុស្សធម៌ អភិវឌ្ឍន៍ សេដ្ឋកិច្ច ។

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា, លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក និងថ្នាក់ដឹកនាំ-សមាជិកនៃសមាគមឧកញ៉ាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំនូវព្រះរាជបន្ទូលសួរសុខទុក្ខ និងព្រះរាជអំណរគុណពី ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា ជាសប្បុរសជនទាំងអស់ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះការបរិច្ចាគដ៏សប្បុរសដោយស្ម័គ្រចិត្តគ្រប់ពេលវេលាពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ ចំពោះកាកបាទក្រហមកម្ពុជា និងបានផ្តល់កិត្តិយសអញ្ជើញមកប្រគល់ថវិកាដោយផ្ទាល់នាពេលនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមគំនិតបង្កើតសមាគមឧកញ៉ាកម្ពុជានេះឡើង ដោយមានលក្ខន្តិកៈ មានបទបញ្ជាផ្ទៃក្នុង និងមានឯកសណ្ឋានប្រកបដោយកិត្តិយស បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ បានសម្ពោធ និងមានព្រះរាជក្រឹត្យ ទទួលស្គាល់ជាផ្លូវការថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងសកម្មភាពផ្សេងៗទៀតដើម្បីប្រយោជន៍ដល់សង្គមជាតិ។

ខ្សែវីដេអូខ្លី ស្តីពីសកម្មភាពដ៏រស់រវើករបស់សមាគម គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កំណើនការងារ ពាណិជ្ជកម្ម និងការវិនិយោគ ។ ជាមួយគ្នានេះ ឧកញ៉ា តែងតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌ចែករំលែកដើម្បីសេចក្តីសុខរបស់ប្រជាជន តាមរយៈ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង,រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ក្នុងនោះបានចូលរួមកសាងនូវសមិទ្ធផលជាច្រើនបម្រើឱ្យសង្គមជាតិ, ចូលរួមជួយក្នុងពេលមានគ្រោះមហន្តរាយទឹកជំនន់ រាំងស្ងួត,យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងក្នុងឧបទ្ទវហេតុផ្សេងៗ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជម្រាបជូនអង្គពិធីទាំងមូលពីប្រវត្តិ និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីថ្ងៃបង្កើតឡើងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដោយឆ្លងកាត់ប្រវត្តិនៃការបាត់បង់វត្តមានក្នុងរបបប៉ុលពត, ក្នុងដំណាក់កាលបង្រួបបង្រួមពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៤ និងចាប់ផ្តើមឱ្យមានការប្រារព្ធមហាសន្និបាតអាណត្តិទី១ ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៤ រហូតមកដល់អាណត្តិទី៧ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។

កាកបាទក្រហមកម្ពុជា បានផ្តោតលើការអភិវឌ្ឍស្ថាប័នឱ្យក្លាយជាសមាគមជាតិដែលមានដំណើរការល្អ តាមគោលការណ៍អភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និងគណនេយ្យភាព, ពង្រីកសមាជិកភាព, កៀរគររកមូលនិធិ, អភិវឌ្ឍសាខា/អនុសាខាឱ្យមានរចនាសម្ព័ន្ធគ្របដណ្តប់ទូទាំងប្រទេស ដែលបច្ចុប្បន្នមានសាខា២៥ រាជធានី/ខេត្ត, មានអនុសាខានៅតាមក្រុង/ស្រុកចំនួន២០៨, មានកម្លាំងអ្នកស្ម័គ្រចិត្តជាង ២ម៉ឺននាក់ តាមសហគមន៍ និងមានយុវជនកាកបាទក្រហមកម្ពុជាជាង ៣ម៉ឺននាក់ តាមគ្រឹះស្ថានសិក្សា ។

វឌ្ឍនភាព និងសមិទ្ធផលសម្រេចបានពីមួយឆ្នាំទៅមួយឆ្នាំរបស់កាកបាទក្រហមកម្ពុជា ពិតជាបានឆ្លុះបញ្ចាំងពីគុណូបការៈយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន នូវព្រះរាជកិច្ចគាំទ្រ ពីព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត, ពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងពីលោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានរួមកម្លាំងសាមគ្គីភាព លើកកម្ពស់ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន បង្កើតបានភាពសុខសាន្ត សុខដុមរមនា និងភាពរីកចម្រើនខាងកម្រិតជីវភាពរបស់ប្រជាជនឱ្យបានល្អប្រសើរ ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានានៅលើសកលលោក ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner