សមិទ្ធផលនៅវត្តលោមព្រលឹង ដែលមានអាយុជិត២០០ ឆ្នាំ ត្រូវបានសម្ពោធឆ្លង

សៀមរាប៖សមទ្ធិផលនានាដែលកសាងនៅវត្តលោមព្រលឹង​ ជាវត្តបុរាណមានអាយុកាលជិត២០០ឆ្នាំនៅភូមិសន្ទៃ ឃុំ ដានរុន ​ស្រុកសូទ្រនិគម ​ខេត្ត​សៀមរាប​ ត្រូវបានសម្ពោធ ឆ្លងកាលកាលពីថ្ងៃព្រហស្បតិ៍​ក្រោមការអញ្ជើញចូលរួមពី​លោក​ជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ​មន្រ្តី​ អាជ្ញាធរដែនដី​ពុទ្ធបរិស័ទ ប្រជាពលរដ្ឋជិតឆ្ងាយយ៉ាង ច្រើន កុះករ។

សមិទ្ធផលដែលសម្ពោធឆ្លងមានខ្លោងទ្វារវត្តដ៏ស្កឹមស្កៃចំនួនពីរ, ការជួសជុលកែលំអរព្រះវិហារថ្មី ,ការជាវដី​ដើម្បីកសាង សាលា​បឋមសិក្សាលោមព្រលឹង,ការចាក់ដីពង្រីកទីធ្លា ។

បើតាមថេរដីការបស់ព្រះគ្រូចរណធម្មោ វិន ថៃ ព្រះគ្រូចៅ អធិការវត្តលោមព្រលឹងឱ្យដឹងថា វត្តលោមព្រលឹងត្រូវបាន កសាង​ឡើង​នៅឆ្នាំ១៨២៥ដែលមកដល់បច្ចុប្បន្នមាន អាយុ កាល១៩៩ឆ្នាំហើយ។បច្ចុប្បន្នវត្តមានព្រះសង្ឃគង់ នៅចំនួន ៣២អង្គ ក្នុងនេះភិក្ខុ ប្រាំពីរអង្គ ,សាមណេរ ២៥អង្គ ។វត្តមាន រចនាសម្ព័ន្ធចៅអធិការ គ្រូសូធ្យស្តាំ ឆ្វេង ត្រឹមត្រូវតាមច្បាប់។វត្តក៏មានសាលាពុទ្ធិកសិក្សា ដែលបានចាប់បើកឱ្យសិក្សារៀន សូត្រនៅក្នុងឆ្នាំនេះផងដែរ។

ចំពោះសមទ្ធិផលនានាដែលសម្ពោធឆ្លងបានចំណាយថវិកាចំនួន១៣៦ ៦១២ ដុល្លារអាមេរិក ។ព្រះគ្រូ ចរណធម្មោ វិន ថៃ បន្តថា សមិទ្ធិផលទាំងនេះបានមកពីការខិតខំរបស់ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទជាអ្នក​ឧបត្ថម្ភហើយ ព្រមទាំង​មានការ​ផ្តួចផ្តើម និងសទ្ធាជ្រះថ្លាដ៏បរិសុទ្ធរបស់ លោកជំទាវបណ្ឌិត កុយ ពិសី ដែលបានចំណាយថវិកាផ្ទាល់ ខ្លួនចូលរួមផងដែរ ។

ទូលប្រគេននិងថ្លែងក្នុងអង្គពិធីលោកជំទាវបណ្ឌិត កុយ ពិសី មានប្រសាសន៍ថា រាជរដ្ឋា​ភិបាល​យកចិត្តទុកដាក់ខ្ពស់លើ​វិស័យ​ពុទ្ធចក្រ និងអាណាចក្រ ។ម៉្យាងទៀតសមិទ្ធផល នៅថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបានដែរ បើមិន មានការចូលរួម​ចំណែក​ពីគ្រប់ភាគីពាក់ព័ន្ធ។ជាពិសេស ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវ សុខសន្តិភាព និងស្ថិរភាពនយោបាយ​ជូនប្រទេសជាតិ។កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើង បានជួបជុំគ្នា និងមានឱកាស​ធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពីគ្រប់ទិសទីសម្រាប់ កសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះផងដែរ។លោកជំទាវ​ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ និង អាជ្ញាធរគ្រប់ថ្នាក់សូមចូលរួមថែរក្សាការពារសុខសន្តិភាព។

ក្នុងឱកាសនេះដែរលោកជំទាវ កុយ ពិសី ក៏បាននាំយក អំណោយជា សម្ភារសិក្សា សម្ភារកីឡា​ជូនដល់​សិស្សានុ សិស្សនៅ​សាលា​បឋមសិក្សាលោមព្រលឹង, ប្រគេនបច្ច័យ ចំនួន៣០០០ ដុល្លារ ទុកប្រើប្រាស់ក្នុងវត្តផងដែរ៕
អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា

ads banner