ប្រធានសាខាពន្ធដារ៖ ការបង់ពន្ធ ជាការរួមចំណែកអភិវឌ្ឍ​ប្រទេស​និងផ្ដល់ផលប្រយោជន៍ចំពោះសង្គមនិងខ្លួនឯង

កំពង់ធំ៖ លោក ជឹម សុវណ្ណ ប្រធានសាខាពន្ធដារខេត្តកំពង់​ធំ​បានបញ្ជាក់ថា ការបង់ពន្ធគឺជាការរួមចំណែកក្នុងការ​អភិវឌ្ឍន៍​ប្រទេសនិងផ្ដល់ផលប្រយោជន៍ចំពោះសង្គមជាតិនិងខ្លួនឯង។លោកថ្លែងបែបនេះក្នុងសិក្ខាសា​លាផ្សព្វផ្សាយស្ដីពីពន្ធលើ​ប្រាក់​បៀវត្ស ជូនក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត មន្ទីរអង្គភាព​ជុំវិញខេត្ត កាលពព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅ​សាខា​ពន្ធដារ​ខេត្តកំពង់ធំ។

លោក ជឹម សុវណ្ណ បន្តថា អត្ថប្រយោជន៍នៃការបង់ពន្ធ គឺ​សម្រាប់សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អគារសាធារណៈផ្សេងៗ សម្រាប់បម្រើផលប្រយោជន៍រួមជូនប្រជាជន។ ការការពារ សណ្ដាប់ធ្នាប់សន្តិសុខ និង​ធានានូវសេវាសាធារណៈ​ទាំងឡាយ​សម្រាប់បម្រើប្រជាពលរដ្ឋក្នុងសហគមន៍។ ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តន៍ជន។ ការផ្ដល់សេវាវិស័យអប់រំ វិស័យសុខាភិបាល សន្តិសុខសង្គម សណ្ដាប់​ធ្នាប់សាធារណៈ គាំពារសង្គម ឧបត្ថម្ភគ្រួសារក្រីក្រ និងជនងាយរងគ្រោះ។បង្កើតថវិកាបម្រុងសម្រាប់ការពារ​គ្រោះអាសន្ន វិបត្តិ​សេដ្ឋកិច្ចផ្សេងៗ សុខុមាលភាព និង​លើកកម្ពស់សមត្ថភាពសង្គម ។កាត់បន្ថយជំនួយនិង​កម្ចី​បរទេស ជា​ដើម។

បើតាមលោកប្រធានសាខាគយខេត្តបញ្ជាក់ កម្ពុជាបានកំណត់​យកនូវការបង់ពន្ធអាករចំនួន១៣ប្រភេទរួមមាន៖ ១.ពន្ធលើ​ប្រាក់​ចំណូល, ២.ពន្ធលើប្រាក់បៀវត្ស, ៣.ពន្ធលើតម្លៃបន្ថែម,៤.អាករពិសេស, ៥.អាករសម្រាប់បំភ្លឺសាធារណៈ, ៦.អាករលើការស្នាក់នៅ, ៧.ពន្ធប៉ាតង់, ៨.ពន្ធលើផ្ទាំងផ្សព្វ​ផ្សាយ,៩.ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ,១០.ពន្ធលើអចលន​ទ្រព្យ,១១.ពន្ធប្រថាប់ត្រា. ១២.ពន្ធលើ​ដីធ្លីមិនបានប្រើប្រាស់​និង ១៣.ពន្ធលើមធ្យោបាយដឹកជញ្ជូន៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner