ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកម្លាំងចម្រុះត្រួតពិនិត្យ​ការកាប់ទន្ទ្រានព្រៃឈើនៅតំបន់ត្រពាំងបាញ់ចាម

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ​ការពារ គ្រប់គ្រង និងបង្ក្រាបទល្មើសធនធានធម្មជាតិក្នុង​ភូមិសាស្ត្រខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា បានដឹកនាំកងកម្លាំងចម្រុះ​ទៅត្រួតពិនិត្យសកម្មភាពការកាប់​ទន្ទ្រាន​ព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិ ពីសណាក់ក្រុមជនល្មើស​មួយចំនួននៅក្នុងភូមិសាស្ត្រ​តំបន់​ត្រពាំងបាញ់ចាមក្នុង​សហគមន៍​ក្បាលដូនក្រី នៃឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

លោក លី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំប្រចាំការ​នៅតំបន់ព្រៃឡង់ បានបញ្ជាក់ថា តំបន់ដែលមាន​ការ​កាប់​បំផ្លាញ​នេះ​មានឈ្មោះហៅថា តំបន់ជាំរឹម និងតំបន់ត្រពាំង​បាញ់ចាម ស្ថិតក្នុងព្រៃសហគមន៍ក្បាលដូនក្រី ដែលមាន​ផ្ទៃដីជាង ១៣ ហិកតា នៅពីរទីតាំង ។ផ្ទៃដីជាង១៣ហិកតា ជាផ្ទៃដីកាប់ទន្ទ្រានថ្មី នៅក្នុងចន្លោះមុនពេលចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ មុនពេលកងកម្លាំងចម្រុះ​ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចុះមកបង្រ្កាប។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្ដែងការសោកស្ដាយ​ចំពោះការបាត់បង់នូវធនធានធម្មជាតិដោយសារជនល្មើសមួយចំនួន និងបានណែនាំដល់មន្ត្រីជំនាញដែលមានការពាក់ព័ន្ធ រួមជាមួយកងកម្លាំងចម្រុះ ត្រូវគ្រប់គ្រងឱ្យបាននូវផ្ទៃដីដែល​បាន​ប្រមូលយកពីជនល្មើសឱ្យបានគង់វង្សនិងត្រូវ​ស្រាវ​ជ្រាវ​រកមុខសញ្ញាជនល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ប្រគល់ស្បៀងអាហារ ប្រេងឥន្ធនៈ   ភេសជ្ជៈ អាវភ្លៀង តង់កៅស៊ូ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជា​អំណោយរបស់​នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ជូនដល់កងកម្លាំងចម្រុះដែល​កំពុង​បំពេញ​បេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស​ធនធានធម្ម​ជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ៕ដោយ៖​ប៊ុន​រដ្ឋា

ads banner