បន្ទាយមានជ័យ៖ យុវជនគោលដៅ ៩៥០នាក់ បានទទួលបណ្ដុះបណ្ដាលជំនាញព័ត៌មានវិទ្យា

បន្ទាយមានជ័យ៖អ្នកគ្រប់គ្រងវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានឱ្យដឹងថា គិតត្រឹមដើមខែមិថុនា យុវជនគោលដៅ
ដែលមកពីគ្រួសារក្រីក្រនិងគ្រួសាររងហានិភ័យ​​ចំនួន៩៥០នាក់បានទទួលការបណ្ដុះបណ្ដាលជំនាញព័ត៌មានវិទ្យាដោយ​ទទួល​បាន​ប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល។

លោកស្រី សំរិទ្ធ សូជាតិ អ្នកគ្រប់គ្រងវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យបានប្រាប់​ទូរទស្សន៍អប្សរាកាលពីថ្ងៃទី១៩​ខែមិថុនា ឆ្នាំ២០២៤ថា ទន្ទឹមនឹងទទួលបានការបណ្ដុះបណ្ដាលផ្នែកពត៌មានវិទ្យា យុវជនទាំងនោះក៏អាច​ជ្រើសរើស​យក​នូវមុខ​ជំនាញផ្សេងទៀតទៀតដែលខ្លួនពេញចិត្ត ក្នុងនោះមានដូចជា ផ្នែកកសិកម្ម ផ្នែកមេកានិច និងយន្តសាស្ត្ររថយន្ត ផ្នែកធុរកិច្ច ទេសចរណ៍ និងភាសាបរទេស ផ្នែកសំណង់ស៊ីវិល និងស្ថាបត្យកម្ម ផ្នែកជំនាញអគ្គិសនី និងអេឡិចត្រូនិក ។

លោកស្រីបន្តថា យុវជនដែលទទួលបានការបណ្ដុះបណ្ដាលមុខជំនាញក៏ទទួលបាននូវការស្នាក់នៅ ហូបចុក ការសិក្សាមិនបង់ប្រាក់​និងប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀលក្នុងមួយខែពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងឱកាសសិក្សាទៀត​ផង ។

លោកស្រី សំរិទ្ធ សូជាតិ បន្ថែមថា ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរងហានិភ័យ ដើម្បីឱ្យពួកគេមានជំនាញមួយច្បាស់លាស់យកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហ​គ្រាស គ្រឹះស្ថាននានា ។ដែលធ្វើឱ្យពួកគេមានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារនិងប្រាក់ចំណូលសមរម្យ ៕

ដោយ៖គៀន ច័ន្ទហ៊ីន

ads banner