សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត មានព្រះជន្មជាង១០០ព្រះវស្សា (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត នាព្រឹកថ្ងៃទី២១មិថុនា។ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត មានព្រះជន្មជាង ១០០ព្រះវស្សាហើយ។ ព្រះអង្គគឺជាព្រះសង្ឃខ្មែរលើកដំបូងបំផុត ដែលមានព្រះជន្មលើសជាង ១០០ព្រះវស្សា។

សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជានេះ ទ្រង់ប្រសូតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

ក្នុងព្រះជន្ម ១១ព្រះវស្សា ព្រះអង្គបានសិក្សាអក្សរសាស្រ្តខ្មែរនៅសាលាវត្តពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្នុងព្រះជន្ម ១៧ព្រះវស្សា ទ្រង់បានទៅស្នាក់នៅសិក្សា រៀនសូត្រធម៌វិន័យ និងព្រះជន្ម ១៩ព្រះវស្សា ទ្រង់បានចូលបួសជាសាមណេរ នៅវត្តពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ព្រះអង្គត្រូវបានពួកខ្មែរក្រហមបង្ខំឱ្យធ្វើការងារ គ្មានថ្ងៃឈប់សម្រាកដូចប្រជាជនទូទៅ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះអង្គបានយាងសាងព្រះផ្នួសសាឡើងវិញ និងបានគង់នៅវត្តឧណ្ណាលោម ចាប់តាំងពីពេលនោះរហូតមក។

ads banner