រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រាប់អ្នកសារព័ត៌មានឱ្យបញ្ឈប់ការផ្សព្វផ្សាយចែកចាយឃ្លីបវីដេអូអតីតឧកញ៉ា ស្រី ស៊ីណា បាញ់ប្រហារជនរងគ្រោះនៅបុរីប៉េងហួត

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអំពាវនាវដល់អ្នកសារព័ត៌មានឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ នៅបុរីប៉េង ហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លើបណ្ដាញសង្គមផ្លូវការនារាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា “សូមជូនបងប្អូនអ្នកសារព័ត៌មាន, បងប្អូនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមនឹងបងប្អូនអ្នកផលិតមាតិកានិង MMOជាទីគោរពស្រឡាញ់! ។
នៅប៉ុន្មាននាទីមុននេះ មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយវីដេអូឃ្លីបទាំងនោះបន្ត។ ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ទាន់ និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ការផ្សព្វផ្សាយពីរូបភាពនេះជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ ហើយការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ដូច្នេះ ខ្ញុំសូមបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនិងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។ សូមបងប្អូនទាំងអស់មេត្តាទទួលនូវការគោរពនិងស្រឡាញ់រាប់ពីខ្ញុំ និងសូមចូលរួមទប់ស្កាត់ការចែកចាយឃ្លីបវីដេអូទាំងនេះ។”

ការលេចធ្លាយវិដេអូនេះ ស្របពេលដែលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាសចោទប្រកាន់លើខ្មាន់កាំភ្លើង ស្រី ស៊ីណា លើបទល្មើសចំនួនបី។

តាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤បានអធិប្បាយថា ក្រោយពីទទួលពិនិត្យ និងស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនានា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ៖

  • សំណុំរឿងទី១ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជន រងគ្រោះ ០២នាក់បានស្លាប់ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់ គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
  • សំណុំរឿងទី២ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ០២នាក់រងរបួស តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ ។
    ចំពោះឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ តំណាងអយ្យការបានសម្រេចដោះ លែងឱ្យមានសេរីភាពវិញ ដោយហេតុថាបុគ្គលទាំងពីរនាក់នេះ មិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសខាងលើនេះទេ។
    ដោយឡែក ស្ដ្រីឈ្មោះ សាន ស្រីពេជ្រ និងម្ដាយ សមត្ថកិច្ចជំនាញគ្រាន់តែហៅទៅសួរនាំប៉ុណ្ណោះ មិនបានបញ្ជូនទៅតុលាការឡើយ។

គួររំលឹកថា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មកើតឡើងនៅបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និងពីរនាក់ផ្សេងទៀតរងរបួស។ជនរងគ្រោះដល់ជីវិតជាគូដណ្ដឹង ត្រៀមចូលរោងការ នៅខែតុលា ឆ្នាំ២០២៤នខាងមុខ។
ជនរងគ្រោះទាំងបួននាក់មាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុ។

ចំណែកខ្មាន់កាំភ្លើងជាឧកញ៉ាឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសាររឿងហាលសម្លៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ។ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីបាញ់ទៅលើពួកជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។

ក្រោយបាញ់ប្រហារ ខ្មាន់កាំភ្លើងបានបើករថយន្ដម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-9923 រត់គេចខ្លួន។ ដោយអនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចជំនាញបានប្រមាញ់តាមចាប់ខ្លួនខ្មាន់កាំភ្លើងនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយដកហូតបានរថយន្ដដែលជាមធ្យោបាយធ្វើដំណើរ និងអាវុធខ្លីដែលធ្វើសកម្មភាព៕
ដោយ:មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner