ផ្លូវកៅស៊ូបីខ្សែនឹងធ្វើឳ្យមុខមាត់ស្រុកសង្កែ និងស្រុកមោងប្ញស្សី កាន់តែប្រែប្រួល

បាត់ដំបង៖ ក្តីរំពឹងរបស់ប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់កាន់តែកៀកទៅនឹងក្តីសម្រេចបន្ទាប់ពីផ្លូវក្រាលកៅស៊ូបីខ្សែប្រវែងជិត៦០គីឡូម៉ែត្រស្ថិតនៅក្នុងស្រុកសង្កែ និងស្រុកមោងប្ញស្សី ខេត្តបាត់ដំបងនឹងរួចរាល់នៅខែសីហាឆ្នាំក្រោយ។ក្តីរំពឹង ព្រោះការធ្វើដំណើរ នឹងបានលឿនរហ័សជាងមុន ដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវកាន់តែប្រសើរ ។
ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)ចំនួនបីខ្សែនេះបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៤ និងគ្រោងបញ្ចប់ការដ្ឋាននៅថ្ងៃទី៥ ខែសីហាឆ្នាំ ២០២៥ ដែលមានប្រវែងសរុបជិត៦០គីឡូម៉ែត្រ,ទទឹងផ្លូវប្រវែង៦ម៉ែត្រ និងសងខាងផ្លូវប្រវែង០១ម៉ែត្រ។ផ្លូវស្ថិតក្នុងស្រុកសង្កែនិងស្រុកមោងឫស្សី។

កាលពីព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៤ឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង,លោក មូល ធន អភិបាល រងខេត្តបាត់ដំបង, លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឃន៍ជនបទខេត្ត អញ្ជើញពិនិត្យវឌ្ឍនភាពការដ្ឋាន។ក្នុងនេះ ខ្សែផ្លូវទីមួយភ្ជាប់ពីផ្លូវជាតិលេខ៥ ចំណុចភូមិពុកឆ្មារដល់ភូមិវត្តកណ្តាលក្នុងស្រុកសង្កែដែលមានប្រវែងសរុប ១៤,៦១៧គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួនបួននិងភូមិចំនួនប្រាំពីរ។ការសាងសង់បានប្រមាណ ១០,១០ ភាគរយ ។
ខ្សែផ្លូវទីពីរភ្ជាប់ពីផ្លូវជាតិលេខ៥ ពីចំណុចភូមិកកោះដល់ភូមិប៉ែន មានប្រវែងសរុប ១៤,០៦៣គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួនពីរ និងភូមិចំនួនប្រាំពីរ។ការសាងសង់បានប្រមាណ២៧,៤៣ភាគរយ។
ខ្សែផ្លូវទីបីភ្ជាប់ពីខ្សែផ្លូវភូមិជ្រៃ១ដល់ភូមិទួលព្រុំ មានប្រវែង២៩,៣១៣គីឡូម៉ែត្រ
ឆ្លងកាត់ឃុំចំនួនបីនិងភូមិចំនួន១០។ការដ្ឋាននេះសម្រេចបានប្រមាណ ១៩,២០ ភាគរយ។

លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានប្រាប់ទូរ
ទស្សន៍អប្សរាថា ផ្លូវទាំងបីខ្សែស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័
ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិ បត្តិការ ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)និងសហភាពអឺរ៉ុប(EU/AIF)។
ក្នុងឳកាសពិនិត្យជាក់ស្តែងបណ្ដាការដ្ឋានទាំងបី ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួង អភិវឌ្ឍន៍ជនបទ បានណែនាំដល់ទីប្រឹក្សាបច្ចេកទេសនិងក្រុមហ៊ុនដែលទទួលការសាងសង់ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមស្តង់ដារនិងបទដ្ឋានបច្ចេកទេស ក្នុងការធានានូវគុណភាពផ្លូវប្រើប្រាស់បានយូរ។

ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានជួបសំណេះសំណាលប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ដោយនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្ដីកម្ពុជានិងលោកជំទាវ។ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបា
លនិងក្រោមម្លប់សុខសន្ដិភាពដ៏ពេញលេញ ។
ដោយឡែកប្រជាពលរដ្ឋនៅទីនោះ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលយ៉ាងក្រៃលែង។
សូមជម្រាបថា កម្មវិធី RID4CAM នឹងត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST)និងផ្លូវបេតុង ប្រវែងសរុបប្រមាណ ៤១៩,៩០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យមួយចំនួននៅក្នុងខេត្តគោលដៅចំនួន៥ រួមមាន៖ខេត្តព្រះវិហារ សៀមរាប បាត់ដំបង កំពង់ធំ និងខេត្តកណ្តាល ដោយត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពី ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។
ដោយឡែកខេត្តបាត់ដំបង កម្មវិធី RID4CAM នឹងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST)ចំនួន៩ខ្សែ ប្រវែងសរុប ១៣៧,១០គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner