ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានតែងតាំងជាប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងមុខងារសាធារណ:

(ភ្នំពេញ)៖ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ហើយមានមុខតំណែងក្នុងវិស័យមុខងារសាធារណៈទូទាំងប្រទេសចាប់ពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន ១០.៧៨៦នាក់ ក្នុងចំណោមចំនួនសរុប ៣៩ ៥៩៤នាក់ ស្មើនឹង ២៧% ។

ដោយឡែកមន្ត្រីរាជការស៊ីវិលជាស្ត្រី សរុបនៅទូទាំងប្រទេសមានចំនួន ៩៥.៨៧៩នាក់ ក្នុងចំណោមមន្ត្រីរាជការសរុប ២២៧.៨៥១នាក់ ពោលគឺស្មើនឹង៤ ២% នៃចំនួនមន្ត្រីរាជការទូទាំងប្រទេស ។  គិតពីឆ្នាំ២០១៩ ដល់ត្រឹម ត្រីមាសទី១ នៃឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីមានសិទ្ធិសម្រេចក្នុងវិស័យមុខងារសាធារណៈមានការកើនឡើងជាបន្តបន្ទាប់ ពី ២៥% ដល់ ២៧%។ ទន្ទឹមនេះចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីកើនពី ៤០% ដល់ ៤២% ។

នេះគឺជាការលើកឡើង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសតែងតាំងជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងមុខងារសាធារណ: នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំលឹកដល់សាវតារបស់សមាគម ដោយបានរំលេចនូវប្រវត្តិនៃការកកើតសមាគម  រួមទាំងដំណើរវិវត្តរបស់សមាគមតាំងពីដំណាក់កាលចូលរួមពលី រំដោះជាតិ មាតុភូមិ និងការចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ជាបន្តបន្ទាប់ក្នុងសម័យសន្តិភាព។ ស្របពេលជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងនូវគំរូវីរភាព របស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលត្រូវ បានប្រកាសជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក្រសួងមុខងារសាធារណ: និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារី ក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំ ប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និង សង្គមជាតិរបស់យើងទាំងអស់គ្នា»៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner