ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ៖ សូមបន្តអនុវត្តស្មារតីជាតិរបស់យើង គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ក្រោមអធិបតីភាព ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

ការប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ មានការចូលរួមពីគ្រប់ស្ថាប័ន, គ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋានជាច្រើន ដែលមានទាំងមន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ, សិស្សានុសិស្ស, យុវជន យុវនារី, កម្មករ កម្មការិនី, សិល្បករ សិល្បការិនី, វិស័យអន្តរសាសនា, ដៃគូជាតិ អន្តរជាតិ សប្បុរសជន និងវិស័យឯកជនជាច្រើន បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាមួយ ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ ដែលត្រូវតែចូលរួមលុបបំបាត់ និងប្រយុទ្ធប្រឆាំង ស្របតាមទិសស្លោក និងទស្សនវិស័យរបស់រាជរដ្ឋាភិបាល គឺ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍ គ្មានគ្រឿងញៀន»។

ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា មិនខុសពីឆ្នាំមុនៗនោះទេ រាល់ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតតាំងពីឆ្នាំ១៩៨៧មក, អង្គការសហប្រជាជាតិ តាមរយៈការិយាល័យទទួលបន្ទុកកិច្ចការ គ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានដាក់ចេញនូវប្រធានបទមួយនៅរាល់ទិវាអន្តរជាតិ ដោយប្រធានបទឆ្នាំនេះ គឺ «ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគ លើការបង្ការ គឺជាការចាំបាច់» ដោយផ្ដោតសំខាន់ទៅលើ វិធានការបង្ការ ការពារ ជាជាងវិធានការបង្ក្រាប និងព្យាបាល ក្នុងនោះកម្ពុជា ក្នុងនាមជាសមាជិក និងហត្ថលេខីនៃអនុសញ្ញា បានសម្រួចខ្លឹមសារអត្ថន័យប្រធានបទសម្រាប់ទិវាអន្តរជាតិនៅកម្ពុជាយើង គឺ «រួមគ្នាវិនិយោគ លើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន»។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជំរុញឱ្យគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តអនុវត្តបទបញ្ជាលេខ០១ បប គោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង» ដោយត្រូវត្រួតពិនិត្យជាប្រចាំ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេល និងម៉ឺងម៉ាត់បំផុតចំពោះមន្ត្រីទាំងឡាយណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគំរូនៃការអនុវត្តច្បាប់ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner