ប្រមុខ UN ព្រមានថា លីបង់ អាចក្លាយជា «ហ្គាហ្សាទី២»

បរទេស៖ ប្រមុខអង្គការសហប្រជាជាតិ ហៅកាត់ UN លោក Antonio Guterres បានព្រមាន ថ្មីៗនេះថា ការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងក្រុម Hezbollah ក្នុងប្រទេសលីបង់ អាចនាំឲ្យលីបង់ ក្លាយជាតំបន់ហ្គាហ្សាទី២ ដោយលោកប្រកាសថា ដាច់ខាត កុំឲ្យរឿងនេះ កើតឡើង។

លោក Guterres បានលើកឡើង ពីការកើនឡើងនូវ «វោហាសាស្ត្រដ៏តឹងតែង» ពីភាគីទាំងសងខាង ខណៈដែលពួកគេបាញ់ប្រហារគ្នា ស្ទើរតែរាល់ថ្ងៃ នៅព្រំដែនអ៊ីស្រាអែល-លីបង់ ស្របជាមួយនឹងសង្គ្រាម នៅតំបន់ហ្គាហ្សាស្ទ្រីប។ លោកបាននិយាយថា ភាគីទាំងពីរអាចបង្កមហន្តរាយ «លើសពីការស្មាន»។

អ៊ីស្រាអែលតែងតែគិតថា ពួកសកម្មប្រយុទ្ធ Hezbollah មានអ៊ីរ៉ងគាំទ្រពីក្រោយ ហើយខ្លួនប្តេជ្ញាកំចាត់សត្រូវ តាមរយៈការបាញ់ផ្លោងរ៉ុក្កែត ជាដើម។

អ៊ីស្រាអែល និងក្រុម Hezbollah ដែលចងសម្ព័ន្ធមិត្តជាមួយហាម៉ាស បានបាញ់ផ្លោងដាក់គ្នា ជាប្រចាំ ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា ជាថ្ងៃដែលហាម៉ាស់-ប៉ាឡេស្ទីន វាយប្រហារលើអ៊ីស្រាអែល ហើយបង្កឱ្យមានសង្រ្គាម នៅហ្គាហ្សាស្ទ្រីប ស្លាប់មនុស្សរាប់ម៉ឺននាក់ រហូតមកដល់បច្ចុប្បន្ន។

ការប្រយុទ្ធឆ្លងព្រំដែននេះ បានសម្លាប់មនុស្ស ជិត៥០០នាក់ នៅលីបង់ មានទាំងជនស៊ីវិលដែរ ខណៈអ៊ីស្រាអែល មានស្លាប់ទាហាន និងជនស៊ីវិល ជិត២០នាក់ នាភាគខាងជើង។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុម Hezbollah បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ ទៅកាន់ភាគខាងជើងប្រទេសអ៊ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវ នៅភាគខាងត្បូង ប្រទេសលីបង់ ថ្មីៗនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner