ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សុខដុមនីយកម្មសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា សុខដុមនីយកម្មសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ តាមរយៈការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបង្កលក្ខណៈដល់ការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព តាមរយៈការបណ្តុះនូវផ្នត់គំនិត វិជ្ជមាន, មនសិការពលរដ្ឋល្អ និងការចែករំលែកជួយគ្នាទៅវិញទៅមក។ យើងទាំងអស់គ្នា អាចមិនមានទស្សនៈដូចគ្នាទាំងអស់ ប៉ុន្តែអ្វីដែលយើងគួរមានរួមគ្នា គឺជាទស្សនៈជាតិរួមមួយសម្រាប់កម្ពុជា។ នោះគឺសេចក្តីស្រឡាញ់ចំពោះកម្ពុជា ក៏ដូចជាឆន្ទៈ និងសកម្មភាពក្នុងការបង្ហាញភាសាបេះដូងចំពោះសង្គមជាតិ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ចិទអាល់អឺកពើរជ្រៃអណ្ដែត ស្ថិតនៅក្នុងភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ពិតមែនតែនៅក្នុងប្រទេសកម្ពុជា បានកំណត់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនបានមើលរំលង ចំពោះសាសនាដទៃទៀតឡើយ។ ក្នុងនោះ សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនា នៅក្នុងសង្គមជាតិទាំងមូល។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានញ៉ាំងឱ្យបេះដូងប្រជាពលរដ្ឋទាំងអស់ គ្រប់សាសនា គ្រប់គណបក្សនិន្នាការនយោបាយ តម្កល់ផលប្រយោជន៍ជាតិជាធំ មានសេចក្តីស្រឡាញ់ចំពោះជាតិមាតុភូមិ ដោយត្រូវតែរក្សាឱ្យបាននូវសន្តិភាពដែលកម្ពុជារកបាន ដោយលំបាក ទោះត្រូវបង់ក្នុងតម្លៃណាក៏ដោយ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី

ads banner