អ្នកនាំពាក្យក្រសួងយុត្តិធម៌៖នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿង ស្រី ស៊ីណា

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថានឹងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿងស្រី ស៊ីណា ដើម្បី​ធានាថា ច្បាប់នឹងត្រូវអនុវត្តដោយ “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ចំពោះជនល្មើស សំដៅធានារកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុង​សំណុំរឿង​ទាំងពីរខាងលើ។នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០២៤នេះ។
សេចក្តីប្រកាសព័ត៌មានចំនួនបីទំព័រ បានគូសបញ្ជាក់ថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ គូសបញ្ជាក់ជូនសាធារណជន​នូវចំណុច​សំខាន់ៗ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារដ៏សាហាវ​ប្រព្រឹត្ត​ដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងចំណាត់ការក្នុងការ​អនុវត្ត​ច្បាប់ចំពោះករណីនេះ ដូចខាងក្រោម ៖

ទី១-ក្រសួងយុត្តិធម៌បានតាមដានដោយយកចិត្តដាក់បំផុតលើការអនុវត្តច្បាប់ ចំពោះករណីខាងលើនេះ ដើម្បីធានាថា ច្បាប់ត្រូវបាន​អនុវត្តដោយ “ត្រឹមត្រូវ” និងដោយ “ម៉ឺងម៉ាត់” នៅក្នុងករណីនេះ ពិសេស ធានាថា ជនល្មើសដាច់ខាតត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខច្បាប់ជាធរមាន ដោយម៉ឺងម៉ាត់ និងដោយគ្មានការបន្ធូរបន្ថយណាមួយឡើយ, អ្នកមិនពាក់ព័ន្ធត្រូវទទួលបាននូវយុត្តិធម៌តាមច្បាប់ ហើយជនរងគ្រោះដាច់ខាតត្រូវតែទទួលបានយុត្តិធម៌ ដោយត្រឹមត្រូវតាមច្បាប់។

ទី២-ជនល្មើសឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ និងបន្ទាប់មក, នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំ​រឿង​ពីរដាច់ដោយឡែកពីគ្នា ពី ៖ (១)-បទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចជាប់ទោស​ដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ, (២)-បទប៉ុនប៉ងឃាតកម្ម (ឬបទឃាតកម្មមិនបានសម្រេច) តាមមាត្រា ២៧ និង មាត្រា ១៩៩ នៃក្រម​ព្រហ្មទណ្ឌ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ និង (៣)-បទប្រើប្រាស់អាវុធដោយខុសច្បាប់ តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និង គ្រាប់រំសេវ ដែលអាចជាប់ទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ។ ជាមួយគ្នានេះ, អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងឱ្យមានសេរីភាពវិញនូវបុគ្គលពីររូបទៀត រួមមាន​ឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដោយផ្អែកលើលទ្ធផលនៃការស្រាវជ្រាវ និងភស្តុតាង ដែលបង្ហាញ​ថា បុគ្គលពីររូបនេះ មិនមានការពាក់ព័ន្ធនឹងអំពើឃាតកម្មខាងលើ។

ទី៣-ផ្អែកលើបទចោទប្រកាន់ និងការបំបែកសំណុំរឿងជាពីររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា, ជនល្មើសឈ្មោះ ស្រី ស៊ីណា នឹងត្រូវកាត់ទោសដោយសាលក្រមចំនួន ២ សម្រាប់សំណុំរឿងពីរ​ដាច់ដោយឡែកពីគ្នា ហើយអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ក្នុងសំណុំរឿងនីមួយៗ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើសុំស្ថាប័នតុលាការ និងស្ថាប័នអយ្យការមានវិធានការអនុវត្តច្បាប់ឱ្យបាន “ម៉ឺងម៉ាត់” ចំពោះករណី​សំណុំរឿងទាំងពីរនេះ និងស្នើសុំថា ទោសដែលចេញលើសំណុំរឿងទាំងពីរខាងលើនេះនឹងមិនត្រូវស្រូបបញ្ចូលគ្នាឡើយ ដើម្បី​ធានាដល់គោលការណ៍ “សមទណ្ឌោ” ទៅតាមច្បាប់ ចំពោះករណីនៃការបាញ់ប្រហារខាងលើ។

ទី៤-ការចោទប្រកាន់ខាងលើនេះ គឺ ធ្វើឡើងដោយផ្អែកតាមអង្គហេតុ និងភស្តុតាងដែលជាលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ច​នគរបាល និងអយ្យការអមសាសាដំបូងរាជធានីភ្នំពេញ។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដែលមានសមត្ថកិច្ច​ធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀត ដោយផ្អែកតាមច្បាប់ជាធរមាន ហើយជនល្មើសក៏ត្រូវបានចៅក្រមសម្រេច​ឃុំខ្លួន​ជាបណ្តោះអាសន្នទៅតាមនីតិវិធីច្បាប់ជាធរមាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមបញ្ជាក់ជូនថា ក្នុងករណីមានការស្រាវជ្រាវរកឃើញភស្តុតាងថ្មីបន្ថែម ដែលធ្វើឱ្យប្រែប្រួលទៅលើ​អង្គ​ហេតុ និងបទចោទប្រកាន់, ទាំងចៅក្រមស៊ើបសួរ ទាំងចៅក្រមជំនុំជម្រះ មានសិទ្ធិអំណាចតាមច្បាប់ ក្នុងការកែប្រែបទចោទ​ប្រកាន់ ទៅតាមអង្គហេតុ,ភស្តុតាង និងអង្គច្បាប់ ដែលមានក្នុងសំណុំរឿង ដោយអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងក្រម​នីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ទី៥-ករណីបាញ់ប្រហារខាងលើ គឺពិតជារឿងដ៏រន្ធត់ និងអាណោចអាធ័មក្រៃលែង ទាំងសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងសង្គមជាតិយើង ហើយយើងពុំមានជម្រើសអ្វីក្រៅពីការអនុវត្តតាមច្បាប់ឱ្យបាន “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ដោយផ្អែក​តាមអង្គហេតុ, ភស្តុតាង និង អង្គច្បាប់នៅក្នុងសំណុំរឿង ដើម្បីធានាថា ជនរងគ្រោះទទួលបានយុត្តិធម៌តាមផ្លូវច្បាប់ ហើយ​ជនល្មើសដាច់ខាតត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយម៉ឺងម៉ាត់ និងដោយគ្មានបន្ធូរបន្ថយណាមួយឡើយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានចូលរួមសម្តែងនូវការសោកស្តាយ និងការរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ​របស់ជនរងគ្រោះ ព្រមទាំងបានអះអាងថានឹងបន្តតាមដានដោយយកចិត្តទុកដាក់លើករណីសំណុំរឿងខាងលើនេះ ដើម្បីធានាថា ច្បាប់នឹងត្រូវអនុវត្តដោយ “ត្រឹមត្រូវ” និង “ម៉ឺងម៉ាត់” ចំពោះជនល្មើស សំដៅធានារកយុត្តិធម៌ជូនជនរងគ្រោះនៅក្នុង​សំណុំរឿង​ទាំងពីរខាងលើ៕
ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner