ឯកឧត្តម ហ៊ុន ម៉ានី ៖ សាសនាឥស្លាម បានចូលរួមចំណែកជាមួយសាសនា ដ៏ទៃទៀត ក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋ

កណ្ដាល៖ សាសនាឥស្លាម បានចូលរួមចំណែកជាមួយសាសនាដ៏ទៃទៀត ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេស ការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់រូប។ ក្នុងន័យនេះ ការពង្រឹងតួនាទី ភារកិច្ចរបស់គណៈអ៊ីម៉ាំ ហាកឹមតួន និង ម៉ាស្អិត ស៊ូរ៉ាវ ព្រមទាំងសាលាបង្រៀនសាសនា ពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់ការប្រតិបត្តិជំនឿសាសនា និងការរួមចំណែកចូលរួមអភិវឌ្ឍសហគមន៍ឥស្លាម និងសង្គមជាតិ ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិហារឥស្លាម អាល់អឹកពើរជ្រៃអណ្តែត ស្ថិតភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល នារសៀលថ្ងៃអាទិត្យទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដោយបានចំណាយអស់ទឹកប្រាក់សរុប ៣២ម៉ឺន១,៣៨០ដុល្លារ ។

ឯកឧត្តមបានចូលរួមអបអរសាទរជាមួយបងប្អូនសាសនិកឥស្លាម និងសហគមន៍ឥស្លាមនៅកម្ពុជា ចំពោះសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាចំណែកមួយក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍសហគមន៍ឥស្លាម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្រោមដំបូលនៃសុខសន្តិភាព និង ការអភិវឌ្ឍ ។ ទន្ទឹមគ្នានេះ ឯកឧត្តមបានរំលេចពីសហគមន៍ឥស្លាមទទួលបានអំណោយមនុស្សធម៌ និងជំនួយនានា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គឺទទួលបានសរុបចំនួន ២៤,០៤២,១៩៦ដុល្លារ ក្នុងនោះមានដូចជាអំណោយកញ្ចប់អាហារខែរ៉ាម៉ាឌន និងគោ និងពពែគួរបាន ដែលសម្លេះសម្រាប់ពិធីបុណ្យរ៉យ៉ាហាជ្ជីជារៀងរាល់ឆ្នាំ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស រាជរដ្ឋាភិបាល តែងតែបង្ក បរិយាកាសល្អ និងយកចិត្តទុកដាក់លើកកម្ពស់វិស័យសាសនាឥស្លាមតាមរយៈការចូលរួម អភិវឌ្ឍន៍ និងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនសម្រាប់បម្រើសាសនាឥស្លាមជាបន្តបន្ទាប់ ។

ឯកឧត្តមបានបន្ថែមថា សមិទ្ធផលដែលយើងទាំងអស់គ្នាមើលឃើញនាពេលបច្ចុប្បន្ន មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ និងការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងស្ថិរភាពនយោបាយដូចពេលនេះ ដែលធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យទាំង ផ្នែកសាសនាចក្រ និងអាណាចក្រ ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសឱ្យយើងបានជួបជុំធ្វើបុណ្យរួមគ្នា និងប្រមូលបច្ច័យពីគ្រប់ទិសទី មកកសាងសមិទ្ធផលនានាជាច្រើនឱ្យចេញជារូបរាងសម្រាប់បម្រើឱ្យឥស្លាមសាសនា ដូចពេលនេះ ។ ក្នុងនាមជាខ្មែរ មិនថា ជំនាន់នេះ ឬ ជំនាន់ក្រោយ ត្រូវកត់ត្រា និងចងចាំជាប្រចាំថា របបប្រល័យពូជសាសន៍បានកើតឡើងពិតប្រាកដ ។

ឯកឧត្តម បានថ្លែងសង្កត់ថា សច្ចធម៌នៃប្រវត្តិសាស្រ្ត សោតនាកម្មដ៍ជូរចត់នេះ ធ្វើឱ្យយើងគប្បីយល់អំពីគុណតម្លៃនៃសុខសន្តិភាព ដែលសុខសន្តិភាពគឺជាមូលដ្ឋានគ្រឹះ នៃការវិនិយោគ និងការអភិវឌ្ឍ រួមទាំងផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយក្នុងការរៀនសូត្រ ប្រកបការងារ ព្រមទាំងនាំមកនូវសុខុដុមនីយកម្មសាសនាសម្រាប់ប្រជាជាតិផងដែរ ។

គួរបញ្ជាក់ថា ភូមិជ្រៃអណ្តែត បានក៏កើតនៅអំឡុងឆ្នាំ១៩៦០ និងមានសាសនិកឥស្លាមរស់នៅអចិន្ត្រៃយ៍បច្ចុប្បន្ន ចំនួន ២១៧គ្រួសារ ស្មើនឹងចំនួនមនុស្សសរុប ៨៥១នាក់ ស្រី ៤៤៣នាក់ នេះបើយោងតាមរបាយការណ៍ គណៈកម្មការរៀបចំពិធីសម្ពោធវិហារឥស្លាម ម៉ាស្ជិទអាល់អឹកពើរ ជ្រៃអណ្តែត ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner