ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងដល់កម្លាំងចម្រុះ​ការពារ​ដែនជម្រកសត្វព្រៃបឹងពែរ

កំពង់ធំ៖ ដែនជម្រកសត្វព្រៃបឹងពែរ ក្នុងព្រៃសហគមន៍ធម្មជាតិ​អូរបញ្ញា ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបទល្មើស​ធន​ធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​យកចិត្តទុកដាក់​បន្ទាប់ពីទីនោះ​មាន​ការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធនា​ពេលកន្លងមក។

ដែនជម្រកសត្វព្រៃបឹងពែរ នៃព្រៃសហគមន៍ធម្មជាតិអូរបញ្ញា ស្ថិតនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។កាលពីចុង​សប្ដាហ៍កន្លងទៅ​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកង​កម្លាំងចម្រុះ រួមមាន​មន្ត្រីស្ថាប័នជំនាញបរិស្ថានចុះ​ត្រួតពិនិត្យ​ទិដ្ឋភាពដីព្រៃដែលបានកាប់បំផ្លាញពីសំណាក់ក្រុមជនល្មើសនាពេលកន្លងមក ។ជួបជាមួយកម្លាំងឈរជើងនៅទីនោះ​លោកឧត្តមសេនីយ៍ទោបានផ្សព្វផ្សាយ បទបញ្ជារបស់សម្តេច​ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា ។លោកបានដាក់បទបញ្ជាឱ្យកងកម្លាំងចម្រុះឱ្យគ្រប់គ្រងផ្ទៃដីដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ហើយ​រឹបអូស​មកវិញ​ឱ្យបានល្អ និងត្រូវស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោក អូ វិចអុល អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ​ប្រចាំ​ការ​នៅតំបន់ព្រៃជម្រកសត្វបឹងពែរ បានបញ្ជាក់ថា តំបន់ដែលមាន​កាប់បំផ្លាញនេះហៅថាតំបន់អូរឡា ស្ថិតក្នុងព្រៃសហគមន៍​ធម្មជាតិ​អូរបញ្ញា ដែលមានផ្ទៃដីជិតប្រាំហិកតា។ជាផ្ទៃដីដែល​មាន​ការកាប់​ទន្ទ្រានថ្មី នៅក្នុងចន្លោះមុនពេលចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ មុនពេលកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ​មិនទាន់មកបំពេញ​បេសកកម្ម។

ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់​អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់​កងកម្លាំងចម្រុះ​មានស្បៀងអាហារ ប្រេងឥន្ធនៈ ភេសជ្ជៈ ថ្នាំពេទ្យ អាវភ្លៀង តង់កៅស៊ូ និងសម្ភារប្រើប្រាស់មួយចំនួន៕
ដោយ៖ ប៊ុន រដ្ឋា

ads banner