ពិធីបិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយ សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជា ​ថ្នាក់កណ្តាល រយៈពេល ០២ថ្ងៃ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជន​គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជា ក្រសួង ស្ថាប័ន និងជំនួយការផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធាន អនុប្រធាន និងសមាជិក នៃផ្នែកក្រសួង ស្ថាប័ន និង ផ្នែកបណ្តុះបណ្តាល ឯកឧត្តម លោកជំទាវ ក្រុមគ្រូឧទ្ទេស និងសិក្ខាកាមទាំង១៥៣នាក់ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅវិមាន៧មករា ។

ឯកឧត្តម យស ផានីត្តា ប្រធានផ្នែកបណ្តុះបណ្តាល បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអស់រយៈពេល២ថ្ងៃមកនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ក្នុងស្មារតីភាតរភាព សាមគ្គីភាព និង ប្រកបដោយការទទួលខុសត្រូវ ។ សិក្ខាកាមបានអនុវត្តកម្មវិធីសិក្សាយ៉ាងម៉ត់ចត់ គោរពវិន័យបានខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងរបស់វគ្គ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ។ តាមរយៈការរៀនសូត្រ សិក្ខាកាមបានវាយតម្លៃខ្ពស់ចំពោះសារប្រយោជន៍នៃវគ្គបណ្តុះបណ្តាលដែលខ្លួនបានទទួលនៅក្នុវគ្គនេះ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ បានពាំនាំនូវការសាកសួរ​សុខទុក្ខពី​សំណាក់ សម្តេចធិបតីប្រធាន ដែលសម្តេចជានិច្ចកាលតែងតែនឹករលឹក​នឹងគិតគូ​ជា​ប្រ​ចាំដល់យុវជនគណបក្សរបស់យើងទាំងអស់ ហើយការបើកវគ្គបណ្តុះបណ្តាល​អប់រំនយោបាយដល់មន្ត្រីគណបក្ស គឺជាគោលការណ៍ដ៏សំខាន់មួយដែល​ពុំអាច​ខ្វះ​បានក្នុងការកសាងពង្រឹងជួរមន្ត្រីរបស់គណបក្ស នៅគ្រប់ដំណាក់កាលឱ្យមាន​ភាព​រឹងមាំ ស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដើម្បីឆ្លើយតបទៅ​នឹង​សំណូមពរនៃសភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗផង ព្រមទាំង​ចូលរួមក្នុងការកសាងកម្លាំងបន្តវេនរបស់គណបក្សផង ជាពិសេសក្នុងពេលបច្ចុប្បន្ន ដែលដំណើរការរៀបចំការផ្ទេរជំនាន់ដឹកនាំរបស់គណបក្សយើង កំពុងប្រព្រឹត្តទៅ​ប្រកប​ដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាប្រទេសជាតិ ។

អាស្រ័យហេតុនេះ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល មានការយកចិត្ត​ទុកដាក់ខ្ពស់ដល់ការកសាងពង្រឹងជួរមន្ត្រីយុវជនគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក សំដៅធានានូវការឯកភាព ទាំងខាងទស្សនៈ គោលជំហរ និង​សកម្មភាព មានអត្តចរិត សីលធម៌ល្អប្រពៃ និងមានសមត្ថភាព​សម្រេចរាល់ភារកិច្ចដែលគណបក្សប្រគល់ជូន ។

ឯកឧត្តមបណ្ឌិត ថេង ច័ន្ទសង្វារ មានប្រសាសន៍បន្ថែមថា សម្រាប់វគ្គបណ្តុះបណ្តាល​រយៈពេល២ថ្ងៃនេះ ពិតជានឹងជួយដល់យុវជនយើងឱ្យកាន់តែមានការយល់ដឹង​ថែម​ទៀត​អំពីគណបក្ស ក៏ដូចអំពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង, ខ្សែរយៈចាត់តាំងរបស់​គណ​បក្ស និងយុវជនគណបក្ស ព្រមទាំងជាមូលដ្ឋាននៃការដឹកនាំ ចាត់តាំង អនុវត្ត នៅ​តាម​អង្គការចាត់តាំងបក្សនៅថ្នាក់របស់ខ្លួន ។

ពិតប្រាកដណាស់ថា បើគណបក្ស​យើង​មានជួរមន្ត្រីគ្រប់គ្រាន់ ដែលមានសមត្ថភាព មានបទពិសោធន៍ការងារ និង​គុណ​ធម៌ល្អប្រពៃនៅគ្រប់ថ្នាក់ គ្រប់ផ្នែកនោះ រាល់គោលការណ៍គោលនយោបាយ​របស់​គណបក្សនឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយប្រជាជននឹងកាន់តែ​មាន​ជំនឿលើការដឹកនាំរបស់គណបក្ស និងនៅតែបន្តគាំទ្រគណបក្សយើងជាដរាប ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner