ការលេងកីឡា មិនត្រឹមតែកាត់បន្ថយ Stress នោះទេ គឺវាបានផ្តល់នូវថាមពល និងពង្រឹងប្រព័ន្ធការពាររាងកាយឱ្យមាំមួន និងមានស្មារតីអង់អាចក្លាហាន

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានថ្លែងគូសបញ្ជាក់ថា ការលេងកីឡា មិនត្រឹមតែកាត់បន្ថយ Stress នោះទេ គឺវាបានផ្តល់នូវថាមពល និងពង្រឹងប្រព័ន្ធការពាររាងកាយឱ្យមាំមួន និងមានស្មារតីអង់អាចក្លាហាន មានជំនឿចិត្តលើខ្លួនឯង ពិសេសឈ្នះលើខ្លួនឯងផងដែរ។

ការថ្លែងលើកឡើងពីសំណាក់រដ្ឋលេខាធិការធ្វើឡើងក្រោយបញ្ចប់ ទិវាអូឡាំពិក ឬ Olympic Day កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានកីឡាករកីឡាការិនីមកពីគ្រប់ប្រភេទកីឡា និងសិស្សានុសិស្សប្រមាណ៣០០នាក់។

ឯកឧត្តម បានបញ្ជាក់ទៀតថា ថ្ងៃនេះ ចលនាអូឡាំពិកគ្រប់ប្រទេសរៀបចំ​អបអរ​សាទរ និងបំផុសគុណតម្លៃអូឡាំពិកដល់យុវជន និងសង្គម ជាតិនីមួយៗ ។ ដោយឡែកគណកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំជាមួយប្អូនៗ ក្មួយៗ ក្រោមប្រធានបទ “រួមគ្នាធ្វើចលនា Let’s Move and Celebrate ឆ្ពោះទៅកសាងពិភពលោកមួយល្អប្រសើរ តាមរយៈចលនាអូឡាំពិក ។ នេះគឺជាឱកាសរៀនសូត្រ និងស្វែងយល់អំពីអ្វីទៅទស្សនវិជ្ជាអូឡាំពិក។ ទស្សនវិជ្ជាអូឡាំពិកគឺជាទស្សនវិជ្ជានៃជីវិត Olympism is the philosophy of life ដែលមានន័យថា មនុស្សរស់នៅមានគុណភាពជីវិតបាន លុះត្រាតែធ្វើសកម្មភាពអប់រំកាយ និងលេងកីឡាជាប្រចាំ។

ឯកឧត្តម រដ្ឋលេខាធិការ បានពន្យល់ថា សុខភាពរបស់ប្អូនៗ ក្មួយៗ ក្នុងវ័យសិក្សាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាពាក់ព័ន្ធនឹងប្រាជ្ញាស្មារតី និងការចងចាំ បើខ្វះសុខភាពនឹងបាត់បង់ភាពឆ្លាតវៃ និងបាត់បង់ការចងចាំ អាចឈានដល់ការបោះបង់ការសិក្សា ដោយសារជំងឺជាដើម។ដូច្នោះហើយមានតែលេងកីឡាទេ ទើបបង្ករការសប្បាយរីករាយ ដែលធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ក្រោយការងារសិក្សា។ ដូច្នោះហើយ សិស្ស និស្សិត យុវជន ប្រជាពលរដ្ឋគួរម្នាក់ៗ ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិតប្រកដដោយភាពទៀងទាត់ទើបធ្វើឱ្យសុខភាពរឹងមាំ ជួយឱ្យសេដ្ឋកិច្ចគ្រួសាររីកចំរើន។

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា
នេះជាឱកាសដ៏ពិសេសសម្រាប់ចលនាអូឡាំពិកទូទាំងពិភពលោក ក្នុងការប្រារព្វពិធី និងកម្មវិធីអបអរសាទរជាសកល មុនការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ដែលនឹងចាប់ផ្តើមនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសបារាំង។ ការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ នេះ គឺជាយុគសម័យថ្មីនៃការធ្វើបរិវត្តកម្មកីឡាអូឡាំពិក ក្នុងការបង្កើនឱកាសកាន់តែច្រើនដល់អត្តពលិកជាយុវជន ជាពិសេស ព្រឹត្តិការណ៍អូឡាំពិកលើកដំបូងបំផុត ដែលធានាបាននូវសមភាពយេនឌ័រពេញលេញ ពោលគឺមានចំនួនស្មើគ្នាសម្រាប់អត្តពលិកចូលរួមជាស្រ្តី និងបុរស ។

ឯកឧត្តម ទេសរដ្ឋមន្រ្តីអំពាវនាវឱ្យក្មួយៗយុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមចលនា “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត” ក្នុងគោលដៅ អភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន្ន និងភាពធន់ ក៏ដូចជាបង្កើតមូលដ្ឋានអត្តពលិក យុវជន-ថ្នាលប្រកបដោយគុណវុឌ្ឍ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា ៕

រូបភាព និង អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner