សហភាពសហជីពកម្ពុជាពន្លឺកម្មករ ដាក់ញ្ញត្តិជូននាយកអង្គការ USAID ស្នើធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាដល់សង់ត្រាល់

នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ សហភាពសហជីពកម្ពុជាពន្លឺកម្មករ ដាក់គោរពជូននាយកអង្គការ USAID ប្រចាំកម្ពុជា ស្នើធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាដល់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» និងសូមណែនាំឱ្យពួកគាត់ធ្វើ សកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខខន្តិក:របស់ខ្លួនជាពិសេសឱ្យស្របតាមច្បាប់របស់កម្ពុជា។

សហភាពសហជីពកម្ពុជាពន្លឺកម្មករ បានជម្រាបជូននាយកអង្គការ USAID ថា កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជានៅតែប្រឈម ឧបសគ្គរារាំងហើយថា សង់ត្រាល់បានធ្វើការសម្ភាសដោយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុង រោងចក្រចំនួ ១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោមសហជីពចំនួន១៤នេះ មានសហជីពចំនួន១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ បំពេញការងាររបស់ពួកគេ ហើយក៍បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករ-និយោជិត និងសហជីព។

យើងខ្ញុំយល់ឃើញថាខ្លឹមសារនៃរបាយការណ៍ខាងលើនេះវាមិនបានឆ្លុះបញ្ចាំងពីការពិតនិងមិន មានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល។ ជាពិសេសរបាយការណ៍នេះ មានចរិតនយោបាយ និងញុះញុង លាបពណ៌ ឱ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា។ ក្រៅពីនេះ អង្គការសង់ត្រាល់ជាអង្គការដែលបានចុះបញ្ជីកា នៅក្រសួងមហាផ្ទៃ ប៉ុន្តែបែរជាបានលួចផ្តល់ថវិកាដើម្បីចងក្រងបង្កើតសហជីពនៅតាមរោងចក្រ សហគ្រាសមួយចំនួន ដែលផ្ទុយពីលក្ខ ខន្តិកៈរបស់ខ្លួនថែមទៀតផង។ សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើ និងកំពុងបន្តធ្វើ គឺមិនបានអនុលោមតាមលក្ខខន្តិកៈច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីអង្គការសមាគម និងច្បាប់ស្តីពីការងារកម្ពុជាឡើយ។

យើងខ្ញុំទាំងអស់គ្នាជាតំណាង កម្មករ និយោជិត មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ ដល់ស្ថិរភាពការងារ និងផលប្រយោជន៍របស់កម្មករ និយោជិត។ ដូច្នេះយើងខ្ញុំស្នើសុំដោយទទូចដល់លោកនាយក អង្គការ USAID ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ធ្វើសកម្មភាពដល់អង្គការសង់ត្រាល់ និងសូមណែនាំឱ្យពួកគាត់ធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខខន្តិក:របស់ខ្លួន ជាពិសេសឲ្យស្របតាមច្បាប់របស់កម្ពុជា។ អាស្រ័យហេតុនេះ សូម លោកនាយក មេត្តាពិនិត្យនិងពិចារណាឡើងវិញក្នុងការផ្តល់ការ ឧបត្ថម្ភកញ្ចប់ថវិកាដល់អង្គការសង់ត្រាល់ដោយក្ដីអនុគ្រោះ៕
ដោយ៖ពលជ័យ

ads banner