រកឃើញសាកសពមនុស្ស ២០នាក់ ក្រោយភ្លើងឆេះរោងចក្រនៅកូរ៉េខាងត្បូង

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដកស្រង់សម្តីរបស់ប៉ូលីស និងអាជ្ញាធរពន្លត់អគ្គីភ័យ ចេញផ្សាយនៅថ្ងៃចន្ទនេះថា សាកសពមនុស្ស ២០នាក់ត្រូវបានគេប្រទះឃើញនៅឯរោងចក្រផលិតអាគុយលីច្យូមត្រូវភ្លើងឆេះ ក្នុងនោះមានកម្មករ ២៣នាក់ត្រូវបានគេជឿថា កំពុងជាប់គាំងនៅទីតាំងកើតហេតុ។

អគ្គិភ័យបានឆាបឆេះរោងចក្រផលិតអាគុយលីច្យូមមួយកន្លែងក្នុងទីក្រុង Hwaseong មានចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល នៅម៉ោងប្រហែល ១០៖៣១នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។ សាកសពមនុស្ស ២០នាក់ដែលបានស្លាប់ ត្រូវបានគេសន្និដ្ឋានថា ជាក្រុមកម្មករស្ថិតក្នុងហេតុការណ៍ផ្ទុះឆេះនៅរោងចក្រផលិតអាគុយលីច្យូម ក្នុងចំណោមកម្មករសរុបចំនួន ៦៧នាក់ដែលបំពេញការងារនៅទីនោះ។

ក្រុមអ្នកពន្លត់អគ្គីភ័យបានចូលទៅខាងក្នុងរោងចក្រ និងស្វែងរកជនរងគ្រោះដទៃទៀត បន្ទាប់ពីបានពន្លត់ភ្លើងដ៏ធំនៅម៉ោងប្រហែល ៣និង១០នាទីរសៀលថ្ងៃដដែល។ គ្រោះអគ្គិភ័យទ្រង់ទ្រាយធំនេះ អាជ្ញាធរអគ្គីភ័យបានប្រើប្រាស់ឡានពន្លត់អគ្គីភ័យចំនួន ៦៣គ្រឿង និងមន្រ្តីពន្លត់អគ្គិភ័យចំនួន ១៥៩នាក់។

ភ្លាមៗ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានចេញសេចក្តីណែនាំបន្ទាន់ដល់អាជ្ញាធរ ដោយប្រាប់ពួកគេឱ្យប្រមូលបុគ្គលិក និងឧបករណ៍ដែលមានទាំងអស់ ដើម្បីផ្តោតលើការស្វែងរក និងជួយសង្គ្រោះមនុស្ស។ លោក Yoon ក៏បានព្រមានទៅកាន់អាជ្ញាធរដែរថា ពួកគេគួរតែធានាសុវត្ថិភាពរបស់ក្រុមអ្នកពន្លត់អគ្គីភ័យ ហើយមូលហេតុនៃការឆេះនេះ គេនៅមិនទាន់ដឹងនៅឡើយទេ។

កូរ៉េខាងត្បូងជាប្រទេសផលិតអាគុយដ៏ធំមួយ រួមទាំងអាគុយដែលប្រើក្នុងឡានអគ្គិសនី។ ក្រុមហ៊ុនផលិតអាគុយរបស់កូរ៉េខាងត្បូង បានផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតឡានអគ្គិសនីនៅជុំវិញពិភពលោក រួមទាំងក្រុមហ៊ុន Tesla ផងដែរ។ កូរ៉េខាងត្បូងក៏ជាប្រទេសមួយក្នុងចំនោមប្រទេសផលិតគ្រឿងអេឡិចត្រូនិកកម្រិតខ្ពស់បំផុតរបស់ពិភពលោក ហើយរដ្ឋាភិបាលបានវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាសំខាន់ៗ រួមទាំងអេក្រង់ និងថ្ម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner