យុទ្ធនាការ “ផ្ទះមួយខ្នង ដាំដើមឈើមួយដើម”នៅខេត្តបាត់ដំបង នឹងចាប់នៅថ្ងៃទី១១ ខែកក្កដា
បាត់ដំបង៖នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ដើមឈើចម្រុះចំនួន ២៥.០០០ដើម នឹងត្រូវដាំនៅក្នុងក្រុងបាត់ដំបង ក្រោមយុទ្ធនាការបង្កើតភាពបៃតងរបស់រដ្ឋបាលខេត្ត ។យុទ្ធនាការដែលមានឈ្មោះថា “ផ្ទះមួយខ្នង ដាំដើមឈើមួយដើម”បានធ្វើបន្ទាប់ពី ពិធី”រុក្ខទិវា”ថ្ងៃទី៩ ខែកក្កដា ប្រព្រឹត្តទៅនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
មុនដល់ថ្ងៃដាំដើមឈើព្រមៗគ្នាក្នុងក្រុងបាត់ដំបងដែលបានកំណត់ទុករួចមកហើយនោះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ កាលពីថ្ងៃទី២៣ ខែមិថុនា បាននាំមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរក្នុងមូលដ្ឋាន ប្រជាពលរដ្ឋ និងយុវជន រៀបចំជីករណ្ដៅនៅតាមមុខផ្ទះ តាមដងផ្លូវសំខាន់ៗ ក្នុងក្រុងបាត់ដំបងសម្រាប់ត្រៀមបើកយុទ្ធនាការ”ផ្ទះមួយខ្នង ដើមឈើមួយដើម” ។ ពិធីជីករណ្ដៅផ្លូវការបានរៀបចំនៅមុខផ្សារណាត់ក្រុងបាត់ដំបង ដែលជាទីចាប់ផ្តើមនៃយុទ្ធនាការពីទីនោះផងដែរ។ឯកឧត្តម សុខ លូ បញ្ជាក់ថា យុទ្ធនាការនេះនឹងចាប់ផ្តើមព្រមៗគ្នានៅថ្ងៃទី១១ ខែកក្កដាទាំងនៅក្នុងក្រុងបាត់ដំបងនិងតាមបណ្តាទីប្រជុំជនស្រុកទាំង១៣នៃខេត្តបាត់ដំបង។ដោយឡែកសម្រាប់នៅក្រុងបាត់ដំបង រដ្ឋបាលខេត្តបានត្រៀមរួចជាស្រេចនូវដើមឈើចំនួន២៥ ០០០ដើមសម្រាប់ដាំនៅថ្ងៃនោះ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថាៈ”ផ្ទះមួយខ្នង ដាំដើមឈើមួយដើម”ក្នុងក្រុងបាត់ដំបង នឹងកាន់តែបង្កើនសម្រស់ស្រស់ស្អាតឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងបៃតង ផ្តល់នូវភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនានិងស្នាក់នៅខេត្តបាត់ដំបងកាន់តែច្រើនឡើងថែមទៀត ។
សម្រាប់ការត្រៀមក្នុងយុទ្ធនាការនេះដែរលោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានឱ្យដឹងថា មន្ទីរក៏បានត្រៀមកូនឈើប្រមាណពីរម៉ឺនដើមដើម្បីសម្រាប់ចែកជូនក្នុងយុទ្ធនាការ”ផ្ទះមួយខ្នងដាំដើមឈើមួយដើម” និងបានត្រៀមកូនឈើមួយចំនួនទៀតសម្រាប់ដាំជួសដើមឈើដែលមិនដុះ។
ប្រាប់ទូរទស្សន៍អប្សលោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបន្ថែមថា ឆ្នាំ២០២៤នេះ មន្ទីរបរិស្ថានខេត្តបានត្រៀមរួចជាស្រេចនូវកូនឈើចម្រុះចំនួន៤៥ ០០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ យកទៅដាំដោយមិនគិតថ្លៃ។ការចែកជូនកូនឈើដល់ប្រជាពលរដ្ឋយកទៅដាំ នឹងត្រូវធ្វើឡើងនៅពាក់កណ្ដាលខែកក្កដាខាងមុខផងដែរ។ចំពោះប្រជាពលរដ្ឋ បណ្តាមន្ទីរ អង្គភាព ស្ថាប័ននានា ដែលត្រូវការកូនឈើ សូមមកដាក់ពាក្យស្នើសុំ នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង៕
《 អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប 》